Friday, December 13, 2019

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ម្ហូបអាហារជាផលិតផលដ៏សំខាន់បំផុត សម្រាប់វិស័យទេសចរណ៍ ក្នុងការបង្កើតភាពចងចាំដល់ភ្ញៀវ

(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យម្ហូបអាហារ គឺជាផលិតផលមួយ មានសារៈសំខាន់បំផុត ក្នុងវិស័យទេសចរណ៍ ដោយបានចូលរួមចំណែកផ្សាភ្ជាប់មួយដ៏ល្អ សម្រាប់ការបង្ហាញឲ្យពិភពលោក បានស្គាល់ពីអត្តសញ្ញាណសម្បត្តិវប្បធម៌ និងអរីយធម៌ជាតិខ្មែរផងដែរ។
លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមបិទវគ្គសិក្សា និងប្រគល់សញ្ញាបត្រដល់និស្សិត ដែលបញ្ចប់ការសិក្សាសម្រាប់ឆ្នាំ២០១៩ សរុបចំនួន៣៥រូប (ស្រី១៨រូប) នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងមានការចូលរួមពីលោក Markus Kalberer នាយកវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) លោក Arnaud DARC នាយកប្រតិបត្តិនៃក្រុមហ៊ុន THALIAS លោក Mischa Pfeuti អ្នកតំណាងពី SWISS HOTEL Management School LUCERNE (SHL) និងអាណាព្យាបាល សិស្សនិស្សិតជាច្រើនផងដែរ។
លោក ប៉ាក់ សុខុម បានបញ្ជាក់ថា «ម្ហូបអាហារដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមបង្កើតភាពចងចាំដល់ភ្ញៀវទេសចរ ហើយម្ហូបអាហារជាផលិតផលមួយ ដែលបានបង្ហាញពីអត្តសញ្ញាណ ការរស់នៅទៅភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់»
លោកបានបញ្ជាក់ទៀតថា «កម្ពុជាមានសក្ដានុពលដ៏សម្បូរបែប នៃសម្បត្តិវប្បធម៌ជាតិ បេតិកភណ្ឌរូបិយ អរូបិយ ដែលមិនទាន់បានរៀបចំ និងផ្សព្វផ្សាយទូលំទូលាយខ្លាំង ដល់ពិភពលោកបានដឹងនៅឡើយ។ តួយ៉ាងដូចជាម្ហូបអាហារជាដើម ហើយថ្ងៃនេះដែលវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានបិទវគ្គ និងប្រគល់សញ្ញាបត្រ ដល់និស្សិតដែលបញ្ជប់ការសិក្សាសម្រាប់ឆ្នាំ២០១៩នេះ ហើយនេះជាកត្តាមួយដែលបានជំរុញឲ្យវិស័យម្ហូបអាហារ មានទំនាក់ទំនងដ៏ល្អ និងវិស័យទេសចរណ៍ ព្រោះថាម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជា ចំណែកទីផ្សារទេសចរណ៍ថែមទៀតផង»
លោក Markus Kalberer នាយកវិទ្យាស្ថានបានបញ្ជាក់ផងដែរថា វិទ្យាស្ថានម្ហូបអាហារកម្ពុជា បានផ្តល់នូវការអប់រំបណ្តុះបណ្តាលវិជ្ជាចម្អិនម្ហូបអាហារ ប្រកបដោយលក្ខណៈស្តង់ដារខ្ពស់ដំបូងគេនៅកម្ពុជា សម្រាប់អនាគតការងារ លំដាប់ថ្នាក់ទី១
ដែលមានកម្មវិធីសិក្សាផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិ ដែលស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារបែបប្រទេសស្វីស។
លោកបានបន្តថា «ក្នុងនាមជាវិទ្យាស្ថានដំបូងគេ ដែលបង្កើតឡើងក្រោមទម្រង់ដៃគូរដ្ឋ និងឯកជន ដែលបានចាប់ដៃគ្នាដើម្បីឆ្លើយតបទៅនឹងកង្វះខាត និយោជិតដែលមានការអប់រំ និងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងដើម្បីផ្តល់ឱកាសថ្មីៗ សម្រាប់ការអភិវឌ្ឍជំនាញដល់យុវជន និងការកាត់បន្ថយភាពគ្មានការងារធ្វើតាមរយៈ វិទ្យាស្ថាននៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់ផងដែរ»៕

0 Reviews:

Post a Comment