Wednesday, September 23, 2020

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យទស្សនិកជន ចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឡើងវិញ តែកំណត់ត្រឹម១០% នៃចំនួនកៅអីសរុប !

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២ ០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការអនុ ញ្ញាតឲ្យទស្សនិកជន ចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូ នខេមបូឌានលីគ ឆ្នាំ២០២០ ប៉ុន្តែកំណត់ចំនួនមនុស្សត្រឹម១០%នៃចំនួនកៅអីសរុបប៉ុណ្ណោះ។


នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។


ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា យោងតាមចំណារឯកភាព របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើលិខិតលេខ ២០២ សខល ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការអនុញ្ញាតឲ្យ ទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូន ខេមបូឌានលីគ ឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យមានអ្នកចូលទស្សនាចំនួន១០% នៃចំនួនកៅអីសរុប ក្នុងពហុកីឡដ្ឋាននីមួយៗ តែត្រូវគោរពនូវវិធានការ ដូចខាងក្រោម៖


* បន្តការផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាតាមទូរទស្សន៍ហ្វេសប៊ុក។ 

* បង្កើតគណៈកម្មការត្រួតពិនិត្យ ការប្រកួតកីឡាតាមក្លិប ក្នុងបរិបទនៃជំងឺកូវី-១៩ ដោយសមាសភាព គណៈកម្មការត្រូវមាន (១) អ្នកទទួលខុសត្រូវក្លិបកីឡា និង (២) គ្រូពេទ្យប្រចាំក្លឹបកីឡា។ 

* អ្នកចូលទស្សនាត្រូវ ចុះឈ្មោះជាមុនតាមប្រព័ន្ធអនឡាញ ដោយកំណត់នូវទីតាំងកៅអី និងអស័យដ្ឋាន ច្បាស់លាស់ រួមទាំងលេខទូរសព្ទ។ 

* ក្លឹបនីមួយៗត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ដែលបាននឹងកំពុងអនុវត្ត ដូចជា៖


១៖ ត្រូវមានម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ដែលមានបំពាក់កាមេរ៉ា និងបាញ់អាល់កុលសម្លាប់ មេរោគ នៅច្រកចូលនៃពហុកីឡដ្ឋាន 

២៖ អ្នកទស្សនាទាំងអស់ត្រូវពាក់ម៉ាស់រហូត ក្នុងអំឡុងពេលប្រកួត

៣៖ ក្លឹបនីមួយៗត្រូវមានអាល់កុល ឬដែលលាងដៃគ្រប់គ្រាន់សម្រាប់អ្នកចូលទស្សនា

៤៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល

៥៖ កីឡដ្ឋាននីមួយៗត្រូវមានបង្គន់អនាម័យគ្រប់គ្រាន់ (បង្គន់មួយសម្រាប់មនុស្សពី២៥ ទៅ៥០នាក់ បើអាច)។


៦៖ មិនអនុញ្ញាតឲ្យទស្សនិកជន ដែលមានជំងឺផ្តាសាយចូលទស្សនាការប្រកួតឡើយ។


៧៖ ក្លឹបកីឡាណាដែលមិនបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាឡើយ។


៨៖ បើរកឃើញទស្សនិកជនណា ដែលមានជំងឺកូវីដ-១៩ ជាយថាហេតុ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងផ្អាកមិនឲ្យមានទស្សនិកជន ចូលទស្សនាជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។


ហេតុដូច្នេះ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត អនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានការចម្លងចូលសហគមន៍របស់យើង៕







0 Reviews:

Post a Comment