Saturday, September 26, 2020

បុរសម្នាក់ ដែលយកខ្សែក្រវាត់វៃកូនស្រីនៅស្រុកពញាឮ ខេត្តកណ្ដាល ត្រូវនគរបាលឃាត់ខ្លួនហើយ....

(កណ្ដាល)៖ នគរបាលស្រុកពញាឮ ខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ ដែលយកខ្សែក្រវាត់វៃកូនស្រីនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រះពោធិ ឃុំភ្នំបាត។

ជនសង្ស័យឈ្មោះ គឹម ខាយ អាយុ៣៥ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា អាយុ១៧ឆ្នាំ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃកើតហេតុក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា បានជិះម៉ូតូម៉ាក Icon ពណ៌ក្រហម លាយខ្មៅ ដឹកប្អូនស្រីឈ្មោះ ខា ស្រីនុត អាយុ៣ឆ្នាំ ទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវស្ថិតក្នុងភូមិ ស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ។ ពេលនោះឪពុក គឹម ខាយ បានដើររកនាងឃើញ កំពុងពរប្អូននៅម្តុំកែងផ្លូវបេតុង ចូលភូមិស្រះពោធិ៍ ឃុំភ្នំបាត។

ពេលនោះជនសង្ស័យ បានដេញឲ្យជនរងគ្រោះពរប្អូន និងយកម៉ូតូទៅផ្ទះ។ ប៉ុន្តែជនរងគ្រោះមិនព្រមទៅស្រាប់តែជនសង្ស័យជាឪពុកខឹង បានហូតយកខ្សែក្រវាត់ពីចង្កេះ វាយទៅលើជនរងគ្រោះ ត្រូវចំកែងដៃខាងស្តាំ១ខ្សែក្រវាត់ និងចំកំភួនជើងខាងឆ្វេង១ក្រវាត់ បណ្តាលឲ្យមានរបួសស្នាម។

ក្រោយមកសមត្ថកិច្ច បានទទួលព័ត៌មានថា មានករណីឪពុកវៃកូន ក៏ចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕

0 Reviews:

Post a Comment