Monday, September 28, 2020

មន្ត្រីយោធាម្នាក់លង់ទឹកស្លាប់ ពេលជួយដេញចាប់ចោរ២នាក់ ដែលលួចម៉ូតូ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង....

(កំពង់ឆ្នាំង)៖ មន្ត្រីយោធាម្នាក់បានស្លាប់ដោយសារធ្លាក់ចូលទឹកស្រះ ខណៈជនរងគ្រោះបានព្យាយាម ចូលរួមដេញចាប់ក្រុមចោរ ស្រីប្រុស២នាក់ ដែលបានធ្វើសកម្មភាពកាច់.ក លួចយកម៉ូតូគេមួយគ្រឿង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេ ក្នុងភូមិកំពង់ ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ ត្រឡាច។ ដោយឡែកក្រុមចោរស្រី ប្រុសទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជា មួយប្រជាការពារ និងប្រជាពលរដ្ឋស្ទាក់ចាប់បានទាំងពីរនាក់ភ្លាមៗ។

តាមការបញ្ជាក់ពីអធិការនគរបាលស្រុកកំពង់ត្រឡាច លោក នន ស៊ីណាត បានឱ្យដឹងថា មន្ត្រីយោធាដែលទទួលគ្រោះថ្នាក់ រហូតបាត់បង់ជីវិត មានឈ្មោះ សាយ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជាទាហាននៅវរទី៣ កងពលតូចអន្តរាគមន៍លេខ១លង្វែក មានទីលំនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចំណែកជនសង្ស័យទាំង២នាក់ ឈ្មោះ សេន ឡឹប ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច និងម្នាក់ទៀត ឈ្មោះ សេង ពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្តាល។ .

លោកអធិការនគរបាលស្រុកកកំពង់ត្រឡាចបានបន្តថា មុនពេលកើតហេតុ នៅហាងលក់គ្រឿងក្លែមរបស់ឈ្មោះ ឡាន មានករណីលួចកាច់ក យកម៉ូតូមួយគ្រឿង ជារបស់ឈ្មោះ សាំង សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដំណាក់អំពិល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ហើយក៏មានការឆោឡោឡើង។ ភ្លាមនោះលោកក៏បានបញ្ជាតាមវិទ្យុទាក់ទង ដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយប្រជាការ ដើម្បីអន្តរាគមន៍ស្ទាក់ចាប់មុខសញ្ញា។

ជាមួយគ្នានោះដែរ មន្ត្រីយោធាម្នាក់ឈ្មោះ សាយ វិសាល ដែលនៅជិតកន្លែងកើតហេតុ បានឃើញសកម្មភាពនេះ ក៏ចូលរូមដេញចាប់ជនដៃដល់នឹងគេដែរ។
លោកអធិការបានបន្ថែមថា ដោយសារភ្លៀងរលឹម ធ្វើឱ្យស្ថានភាពផ្លូវរអិល ជនសង្ស័យទាំង២នាក់ មិនអាចបើកម៉ូតូលឿនបាន ពេលមកដល់ពាក់កណ្តាល ផ្លូវជួបនឹងសមត្ថកិច្ចដែលកំពង់ស្ទាក់ចាប់ ជនល្មើសបានផ្តួលម៉ូតូបំណងរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បានម្នាក់ជាមនុស្សស្រី ចំណែកម្នាក់ទៀត បានរត់គេចខ្លួនបន្ត ហើយត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បន្តទៀត។

ប៉ុន្តែជាអកុសល ក្នុងពេលដែលសមត្ថកិច្ចបន្តដេញចាប់ខ្លូនជនដៃដល់ម្នាក់ទៀត ស្រាប់តែមន្ត្រីយោធា ចូលរួមសកម្មភាពដេញចាប់ចោរនោះ បានរអិលធ្លាក់ចូលទឹកស្រះមានជម្រៅជ្រៅបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង (មិនចេះហែលទឹក) ចំណែកជនដៃដល់ម្នាក់ ទៀត ដែលព្យាយាមរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងមានម៉ូតូ១គ្រឿង និងដែកអក្សរតេ សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ១ ត្រូវបានសមត្ថកិច្ចដកហូតនឹងកសាងសំណុំរឿងបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីដោយឡែកមន្ត្រីយោធារងគ្រោះ ក្នុងហេតុការជួយដេញចាប់ជនដៃ ដល់បានបញ្ជូនទៅក្រុមគ្រូសារ ធ្វើបុណ្យតាមប្រពៃណី៕

0 Reviews:

Post a Comment