Saturday, September 26, 2020

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបន្តការផ្សព្វផ្សាយលទ្ធភាពឥណទានជូនដល់យុវជន និងកសិករស្រុកកៀនស្វាយ

ពិធីសំណេះសំណាលជាមួយនឹងយុវជននិងកសិករស្រុកកៀនស្វាយផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម និងផ្សព្វផ្សាយស្តីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា និងបន្លែ ក្រុមសិប្បកម្ម សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យ កែច្នៃផលិតផលកសិកម្ម វិស័យកសិកម្មនិងសហគមន៍កសិ កម្មដែលប្រជាពលរដ្ឋចូលរួមជាង២០០នាក់មកពីតាមបណ្តាឃុំក្នុងស្រុកកៀនស្វាយ ។


ក្នុងការសំណេះសំណាលជាមួយយុវជន និងកសិករមានការចូលរួមពី ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងលោកអភិបាលរងស្រុកកៀនស្វាយ និងក្រុមការងារថ្នាក់ស្រុក ព្រមទាំងប្រជាកសិករប្រចាំខេត្តស្វាយរៀងរាប់រយនាក់ផងដែរ។


ឆ្លៀតឱកាសនោះដែរ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា វិស័យកសិកម្មគឺជាជន្ទល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងដ៏សំខាន់ក្នុងសម័យ covid-19 ខណៈដែលវិស័យដទៃទៀតត្រូវបានជាប់គាំងទាំងអស់។ យើងឃើញហើយថាក្នុងសម័យកាលនេះគឺយើងផ្អាកទិញខោអាវនិងសម្ភារៈប្រើប្រាស់មួយចំនួនបាន ប៉ុន្តែយើងមិនអាចអត់ទិញអង្ករ ត្រី សាច់ បន្លែ ផ្លែឈើសំរាប់ហូបបាននោះទេ។ ដូច្នេះហើយយើងត្រូវរួមគ្នាធ្វើកសិកម្ម ផលិតឲ្យកាន់តែច្រើន ដើម្បីទប់ស្កាត់ការនាំចូលពីក្រៅប្រទេស ហើយត្រូវពង្រឹងការដាំដុះ និងគុណភាព។


ជាមួយគ្នានោះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងទៀតថា កសិករ និងយុវជនយើងទាំងអស់មេត្តាធ្វើការដាំដុះ ចិញ្ចឹមសត្វ ប្រកបដោយមានលក្ខណៈបច្ចេកទេស និងតាមស្តង់ដារ ការដាំដុះ ចិញ្ចឹមសត្វ លក្ខណៈតូចតាចពេកធ្វើឱ្យបងប្អូនមិនបានទទួលទិន្នផលខ្ពស់នោះទេ ហើយត្រូវចេះកែប្រែពីអាជីវកម្មកសិកម្មមកជាកសិកម្មបែបសហគ្រិនដែលមាននិរន្តភាព។ ដូច្នេះត្រូវតែសិក្សា រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផែនការ ធ្វើឱ្យការផ្គត់នាំចេញបន្លែ ត្រី សាច់ ផ្លែឈើនៅនឹងកន្លែងឲ្យទទួលបានទិន្នផលខ្ពស់ ដើម្បីផ្គត់ផ្គង់ទីផ្សារនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ 


ឯកឧត្តមអគ្គនាយកបានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោង ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ទាប០.៥% ជូនដល់ជូនដល់ យុវជន បងប្អូនប្រជាកសិករ សហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។


សូមជម្រាបថា ដោយសារតែបញ្ហា covid 19 ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចលើពិភពលោកក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងដែរ ដូច្នេះហើយបានជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជាយើង បានមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ កសិករយើង ទើបរាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ហិរញ្ញប្បទានចំនួន 50 លានដុល្លារ ដើម្បីជួយដល់ផ្នែកកសិកម្ម ការដាំដុះ ការចិញ្ចឹមសត្វ ការបង្កបង្កើនកម្មផល ដើម្បីផ្គត់ផ្គង់ក្នុងស្រុកនិងជាយុទ្ធសាស្ត្រទប់ស្កាត់ដល់ការនាំចូលពីខាងក្រៅផងដែរ ៕







0 Reviews:

Post a Comment