Tuesday, September 15, 2020

កញ្ញា អែល សុភាព បកអាក្រាតលោក សៀក មុន្នី អភិបាលស្រុកអូររាំងនិងបក្សពួកយ៉ាងចាស់ដៃក្នុងវេទិកាសាធារណៈ រឿងធ្វើការងារមិនសុច្ចរិត និងពុករលួយ!

មណ្ឌលគីរី៖ កញ្ញា អែល សុភាព ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានសម្ដែងមតិបកអាក្រាតភាពមិនប្រក្រតី ការធ្វើការមិនសុច្ចរិត និងពុករលួយរបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំងនិង បក្សពួកមានភូមិ ឃុំជាដើម។


ស្រាប់តែនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទំនងជាលោក សៀ ក មុន្នី អភិបាលស្រុកអូររាំងភ័យខ្លាច ព្រោះធ្លាប់មានរឿងអា ស្រូវកន្លងមកពាក់ព័ន្ធការគប់គិតគ្នាលក់ដីរដ្ឋ និងឈូសឆាយ ដីដើមស្រល់កន្លងមកនោះ ទើបបានចេញលិខិតអញ្ជើញកញ្ញា អែល សុភាព ឲ្យចូលខ្លួនបំភ្លឺក្រោយបានសំដែងមតិនៅក្នុងវេទិកាសាធារណៈកាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ថាសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាង នៃឃុំ សែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្ហាញការមិនពេញចិត្ត និងអំពើអនុវត្តផ្ទុយច្បាប់របស់អាជ្ញាភូមិ-ឃុំ-ស្រុកអូររាំង។


កញ្ញា អែល សុភាព បានបន្តថា មេភូមិពូរ៉ាង មេឃុំសែនម នោរម្យ និងអភិបាលស្រុកអូររាំង ធ្វើការងារមិនសុចរិត ពុករលួយ ស៊ីប្រាក់សំណូកសូកប៉ាន់ តែងតែយល់ព្រមចុះហត្ថលេខា និងត្រាចំពោះដីទិញលក់ក្នុងសហគមន៍ភូមិពូរ៉ាងជាច្រើនកន្លែង ទាំងដីមានម្ចាស់រួចមកហើយ ដីខ្លះជាដីព្រៃ ជាដីចំការស្រល់ ជាដីតំណម ជាដីកបសពចាស់ៗ ដីអារក្សអ្នកតាជាទីសក្ការៈរបស់ប្រជាពលរដ្ឋ បើទោះបីប្រជាជននៅភូមិមួយចំនួនមិនយល់ស្របក៏ដោយ។ 


កញ្ញាបានឲ្យដឹងទៀតថាលើសពីនេះការវាស់វែងដីគឺមិនមានការចូលរួមពីសហគមន៍ និងការឯកភាពពីសហគមន៍ឡើយ។ សហគមន៍ស្នើសុំឲ្យស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតបន្ត និងសុំផ្តល់ដីសហមូហភាពដល់ជនជាតិដើមភាគតិចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ស្របតាមច្បាប់កំណត់។


ចាំមើលថាតើលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរីនឹងមានចំណាត់ការយ៉ាងណាទៅចំពោះ លោក សៀក មុន្នី អភិបាលស្រុកអូររាំងរូបនេះ ឬមួយទុកឲ្យលោក សៀក មុន្នី ធ្វើព្យុះភ្លៀងតាមតែអំពើចិត្ត និងហ៊ានកោះហៅពលរដ្ឋខ្លួន ក្រោយពីពលរដ្ឋបាននិយាយការពិតនៅក្នុងវេទិកាសាធារណៈនោះ៕












0 Reviews:

Post a Comment