Wednesday, September 16, 2020

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំអជ្ញាធរ ព្រមទាំងមន្ត្រីរាជការ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌឆ្លងវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ....

កណ្ដាលៈ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម គឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់​សិត្បូ​ និង លោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប បានអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌឆ្លងវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណមាន ជីដូន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរយើង សប្បាយរីករាយនឹងការធ្វើបុណ្យ ធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះទេ ពោលគឺដោយសារតែ ប្រទេសយើងមានសន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរជា ដូច្នេះកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានបន្ថែមថា ការដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ដូច្នេះយើងទាំងអស់គ្នាគប្បីរួបរួមគ្នាខិតខំរក្សាសន្តិភាពមួយនេះឲ្យបាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ទេយ្យទាន និងបច្ច័យ ដែលបានយកមកប្រគេនដល់ព្រះសង្ឃក្នុងពិធីនេះរួមមាន÷ អង្ករចំនួន១០បាវ ទឹកបរិសុទ្ធ១០កេស ទឹកក្រូច១០កេស មី១០កេស ត្រីខកំប៉ុង១០យួរ និងបច្ច័យផ្កាបិណ្ឌចំនួន៥លានរៀល ព្រមទាំងបច្ច័យចូលរួមពីបណ្តារមន្ទីរអង្គភាពជុំវិញខេត្តចំនួន ២លានរៀល សម្រាប់ចាត់ចែងក្នុងវេន។ ក្នុងនោះដែរ សាលាអនុគណក្រុងតាខ្មៅក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល ក៏បាននាំយកនូវទេយ្យទានមួយចំនួនសម្រាប់ប្រគេនព្រះសង្ឃនាវត្តជម្ពូព្រឹក្សា ផងដែរ រួមមាន អង្ករ១៥បាវ មី៤កេសធំ ទឹកក្រូច១៥កេសវទឹកផ្លែឈើ១៥កេស ទឹកបរិសុទ្ធ២០កេស និងបច្ច័យចំនួន ៣លានរៀល ដោយឡែក ឯកឧត្តម គឹម បូរី និងលោកជំទាវ បានប្រគេនអង្ករ ២បាវ ទឹកបរិសុទ្ធ៣កេស ទឹកក្រូច២កេស ទឹកផ្លែឈើ២កេស និងសាដក៥កញ្ចប់។ ឆ្លៀតក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល បានប្រវរណាបច្ច័យបួនដល់ព្រះសង្ឃចំនួន២៤អង្គ ក្នុងនោះប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យ៤០ម៉ឺនរៀល រីឯព្រះសង្ឃចំនួន២៣អង្គទៀតប្រគេនបច្ច័យក្នុងមួយអង្គ១០ម៉ឺនរៀល និងបានជូន យាយជី តាជី និងពុទ្ធបរិស័ទប្រមាណ២៥០នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល យុវជន ស.ស.យ.ក ព្រមទាំងកម្លាំងប៉ូលីស និងប្រជាការពារប្រមាណ៥០នាក់ ក្នុងម្នាក់ៗ២មុឺនរៀលផងដែរ៕
























0 Reviews:

Post a Comment