Wednesday, September 30, 2020

កម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនឪពុកចុងល្មោភកាមម្នាក់ ក្រោយចាប់រំលោភកូនស្រី អាយុ១១ឆ្នាំ....

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនឪពុកចុងល្មោភកាមម្នាក់ ក្រោយចាប់រំលោភកូនស្រី អាយុ១១ឆ្នាំ តាំងពីខែមករា ឆ្នាំ២០២០ រហូតបច្ចុប្បន្នបាន៧ ទៅ៨ដង តែត្រូវជិតខាងឃើញសកម្មភាពរំលោភ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគrបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធីច្បាប់។

ករណីឃាត់ខ្លួនឪពុកចុង ចិត្តអប្រិយរំលោភកូនស្រីចុង អាយុ១១ឆ្នាំ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន (អាយុ១១ឆ្នាំ) ករណីឪពុកចុងចាប់បង្ខំកូនស្រីរួមភេទនេះ កើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង៩៖៣០នាទីយប់ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំពោះករណីនេះប្រជាពលរដ្ឋមិនហ៊ានប្តឹងទៅសមត្ថកិច្ចនោះទេ លុះនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឪពុកចុងតិរិច្ឆាននេះ បម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀត ទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹង និងរាយការណ៍ជូនសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។

ជនសង្ស័យមានឈ្មោះ សាញ់ រតនា អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះឈ្មោះ ព.រ.ស អាយុ១១ឆ្នាំ មុខរបរសិស្សរស់នៅ ភូមិឃុំកើតហេតុខាងលើ។

តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុងរួមភេទបានចំនួនពី៧ ទៅ៨ដងមកហើយ តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យតែងតែចាប់កូនស្រីរំលោភ នៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្រ្តីជាម្តាយក៏ជាអ្នកចំរៀងភ្លេងការដែរ នៅពេលណាមានទទួលភ្លេងការទៅលេងភ្លេងការឱ្យគេ មានឱកាសប្តីតែងតែរកលេសទៅនេះទៅនោះមួយភ្លែត ឬអត់ស្រួលខ្លួនត្រឡប់ទៅផ្ទះមុន ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគំរាមកូនស្រីមិនឱ្យប្រាប់ម្តាយបើប្រាប់ និងវាយធ្វើបាប ទើបនាងមិនហ៊ានប្រាប់ម្តាយស៊ូទ្រាំឈឺចាប់អស់រយៈពេល៩ខែមកហើយ ទើបតែបែកធ្លាយអ្នកជិតខាង មានការសង្ស័យទៅលបមើលឃើញទើបប្តឹងសមត្ថកិច្ចតែម្តង។

បើតាមអ្នកស្រុកនិយាយថា ជននេះមានប្រពន្ធច្រើននាក់មកហើយ ក្រោយមកបានលែងលះជាមួយប្រពន្ធដើម ហើយយកប្រពន្ធចុងជាអ្នកចំរៀងភ្លេងការជាមួយគ្នា រួចលែងលះយកអ្នកផ្សេងទៀតលើកចុងក្រោយ គឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភកូនស្រីចុងបែបនេះ៕

0 Reviews:

Post a Comment