Friday, September 18, 2020

លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលអញ្ជើញចែកអាវភ្លៀងនិងម៉ូតូជូនកងកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង......

កណ្ដាល៖ នារសៀលថ្ងៃសុក្រ ១ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានអញ្ជើញចូលរួមចែកអាវភ្លៀង ម៉ូតូ និងថវិការមួយចំនួន ជូនកងកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ដែលជាអំណោយឧបត្ថម្ភដោយឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន១៨០អាវ ,ម៉ូតូ FTR ចំនួន៥គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង។
ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ទោក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ព្រមទាំងលោកក៏ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ទាំងអស់ ត្រៀមរៀបចំសណ្ដាប់ធ្នាប់នាក្នុងឱកាស បងប្អូនប្រជាពលរដ្ឋ ត្រលប់មកពីស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលបានកន្លងផុតទៅនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងបណ្ដោយផ្លូវជាតិលេខ៣​ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អប្រសើរឡើង ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ទោក៍បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជ្រាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច៕
































0 Reviews:

Post a Comment