Tuesday, September 15, 2020

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើនរូបទៀត អញ្ជើញកាន់បិណ្ឌទី១៣ នៅវត្ដបុទុមវត្ដី.....

 (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើនរូបទៀត បានអញ្ជើញកាន់បិណ្ឌទី១៣ នៅវត្ដបុទុមវត្ដី រាជវរារាម ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី១៣នេះផងដែរ ដែលប្រព្រឹត្ដទៅនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

ពិធីកាន់បិណ្ឌភ្ជុំបិណ្ឌនេះ គឺមានពុទ្ធបរិស័ទជាច្រើនចូលរួមដោយក្ដីសប្បាយរីករាយ និងបាននាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងហូរហៀរផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលមាន មាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, បិតា មហាឧបាសក លីន គ្រី, មាតា មហាឧបាសិកា ឌី ប៉ុក, បិតា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ព្រមទាំងវិញ្ញាណក្ខន្ធបុត្រច្បងរបស់សម្តេច។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបួងសួងឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។

ក្នុងវេនកាន់បិណ្ឌនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងគ្រួសារ បាននាំយកនូវទេយ្យទាន ចំនួន២២មុខ មានជា អង្ករ ទឹកក្រូច ទឹកសុទ្ធអរុណា ទឹកដោះគោខាប់ ស្ករស កាកាវ មៀនកំប៉ុង តែ ត្រីខ ត្រីងៀត សាច់ក្រក មីយើង ផ្លែឈើ នំ ជាដើម។ ជាពិសេស ក៏មាននូវអាល់កុល ម៉ាស ដើម្បីការពារទប់ស្កាត់ការីករាលដាលពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសកាន់បិណ្ឌឆ្នាំនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគ្រួសារ បានកាន់បិណ្ឌចំនួន ចំនួន៣វត្ដហើយ ដោយកាន់បិណ្ឌ៤ នៅវត្ដលង្កា ព្រះកុសុមារាម, បិណ្ឌទី៩ នៅវត្ដមុនីសុវណ្ណ ហៅវត្ដចំពុះក្អែក និងកាន់បិណ្ឌទី១៣នេះ នៅវត្ដបុទុមវត្ដី រាជវរារាម។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕

0 Reviews:

Post a Comment