Thursday, September 17, 2020

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដាក់ផែនការម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ទូទាំងខេត្ត ត្រូវអនុវត្តន៍ឱ្យបានល្អបំផុតកំលុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ....

(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដាក់ផែនការម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ទូទាំងខេត្ត ត្រូវអនុវត្តន៍ឱ្យបានល្អបំផុតកំលុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្នុងទិសដៅស្វែងរកសេចក្ដីសុខជូនពលរដ្ឋឱ្យទទួលបាននូវការសប្បាយរីករាយ ការមានទំនុកចិត្តខ្ពស់មកលើកងកម្លាំង ហើយខាងចរាចរណ៍ក៏មានការរឹតបន្តឹង និងសម្របសម្រួលផងដែរ ដើម្បីបញ្ជៀសហានិភ័យណាមួយ នៅគ្រាដែលកំពុងធ្វើដំណើរ។

នាថ្ងៃទី១៧ ខែកញ្ញានេះ លោកឧត្តមសេនីយ៍ទោស្នងការបានបន្ថែមថា លោកបានបញ្ជាឱ្យកងកម្លាំងត្រូវឧស្សាហ៍ចុះល្បាតតាមមូលដ្ឋានរបស់ខ្លួន២៤ម៉ោងលើ២៤ ពិសេសនៅតាមបណ្ដាទីវត្តអារាម ទីរមណីយដ្ឋានកំសាន្តនានា និងតាមបណ្ដាលផ្លូវជាតិសំខាន់ៗមួយចំនួនផងដែរ។

ទន្ទឹមនឹងសារនេះផងដែរ លោក វ៉ែន សុវិន ស្នងការរងទទួលផែនចរាចរណ៍ បានលើកឡើងដែរថា លោកបានចាត់កម្លាំងនៅតាមគោលដៅសំខាន់ៗ ដើម្បីធ្វើការសម្របសម្រួលចរាចរណ៍មិនឱ្យកកស្ទះ និងសម្រួលការស្ទះចរាចរណ៍ឱ្យមានភាពរលូនទៅមុខ និងក៏សំណូមពរដល់ពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពពេលធ្វើដំណើរ។

បើតាមលោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោកបានប្រាប់ Fresh News ថា លោកបានចាត់កម្លាំងនៅតាមបណ្ដាស្រុកក្រុងនានាគ្រប់ចំណុចសំខាន់ ឱ្យមានការសម្រួលចរាចរណ៍ ដ្បិតមានការកកស្ទះខ្លះ ប៉ុន្តែមន្ត្រីនគរបាលបានសម្រួលឱ្យទៅមុខ មិនឱ្យជាប់គាំងនោះឡើយ៕

0 Reviews:

Post a Comment