Monday, October 5, 2020

ព្រះមហាក្សត្រខ្មែរ មានព្រះរាជអំពាវនាវដល់ជនរួមជាតិ ឱ្យប្រកាន់ខ្ជាប់ជានិច្ចវិធានការថែសុខភាព ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩....

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយច្បាប់សម្រាប់ការបើកសម័យប្រជុំ រដ្ឋសភា លើកទី៥ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ដោយព្រះអង្គបានព្រះរាជបន្ទូលអំពាវនាវឲ្យជនរួមជាតិទាំងអស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការថែរក្សាសុខភាព ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដែលបន្ដរីករាលត្បាតនៅលើពិភពលោក។

ក្នុងព្រះរាជសារនោះ ព្រះអង្គបានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «ក្នុងអំឡុងពេលដែលពិភពលលោកទាំងមូល កំពុងអូសបន្លាយការរងគ្រោះនៃជំងឺរាតត្បាត កូវីដ-១៩ គួរឲ្យព្រួយបារម្ភដែលមិនមានសញ្ញាណថមថយនៅឡើយ ខ្ញុំសូមឲ្យជនរួមជាតិប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាពទាំងឡាយ ដែលដាក់ចេញដោយ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាយើង ចៀសវាងឲ្យបានអំពីការឆ្លងរាលដាលក្នុងសហគមន៍»។

គួរជំរាបថា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ថែមទៀត ដែលជាករណីនាំចូល។ ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះ មានបុរសជនជាតិបារាំង អាយុ២៧ឆ្នាំ និងស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំ ដែលពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យរួចរាល់ហើយ។

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានរកឃើញករណីឆ្លងកូវីដ១៩ ចំនួនសរុប ២៨០នាក់ (ស្ត្រី ៥៦នាក់ និងបុរស ២២៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៥នាក់។

ដោយឡែកនៅលើពិភពលោក គិតត្រឹមព្រឹកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣៥,៣៨៩,០១៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,០៤១,៥៤៣នាក់ និងជាសះស្បើយឡើងវិញ ២៦,៦១៤,៨៧៧នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន៕

0 Reviews:

Post a Comment