Friday, October 2, 2020

គណៈកម្មការចម្រុះ បានដឹកនាំកម្លាំងចុះស្រាវជ្រាវអំពីការ ផ្សាយព័ត៌មានមិនពិត ស្ថិតក្នុងភូមិតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ...

កណ្តាល : យោងតាមការចុះផ្សាយរបស់ គេហទំព័រសារព័ត៌មាន KH Plus News ព័ត៌មានទាន់ហេតុការណ៍ ដែលបាន Live ផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ថា «ប្លែកម៉្លេះខ្ញុំមិនដែលឃើញទេទើបតែជួបប្រទះ មានការបោះតង់យកលុយប្រជាពលរដ្ឋឆ្លងទៅកោះតេជោ ស្ថិតក្នុងភូមិតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយកំណត់រថយន្ត០១គ្រឿងទៅមកពីរម៉ឺនរៀល ចំណែកម៉ូតូ០១គ្រឿង ទៅមកបីពាន់រៀល»។

ក្រោយពីទទួលបានព័ត៌មាននេះ គណៈកម្មការចម្រុះបានដឹកនាំកម្លាំងចុះស្រាវជ្រាវដល់ទីតាំងនាព្រឹកថ្ងៃសុក្រ ១៥ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០បានលទ្ធផល ដូចខាងក្រោម៖
ផ្អែកលើសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល លេខ០១០ សសរ ចុះថ្ងៃព្រហស្បតិ៍ ០៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ស្តីពីការប្រគល់សិទ្ធិប្រកបអាជីវកម្មបណ្តោះអាសន្ន ភាសុីកំពង់ចម្លងកោះតេជោ-គគីរធំ ក្នុងស្រុកកៀនស្វាយសម្រាប់ឆ្នាំ២០២០។ ដោយមានឈ្មោះ ទូច លី ហួង ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានទទួលសិទ្ធិធ្វើអាជីវកម្មភាស៊ីកំពង់ចម្លងកោះតេជោ-គគីរធំ ស្រុកកៀនស្វាយ តាមតម្លៃដេញបាន ដែលមានចំនួនទឹកប្រាក់ ១២០.០០០.០០០រៀល (មួយរយម្ភៃលានរៀលគត់) គិតចាប់ពីថ្ងៃ០១/០១/២០២០ ដល់ថ្ងៃទី៣១/១២/២០២០។
ស្រាប់តែនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ទឹកទន្លេចំណុចនោះចាប់ផ្តើមគោករាក់បើកទូកដរមិនកើត ហើយម្ចាស់អាជីវកម្មក៍បានចាក់ដីបំពេញធ្វើជាផ្លូវដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់វិញដោយយកតម្លៃឆ្លងកាត់ទៅមកម៉ូតូ១គ្រឿង ៣០០០រៀល និងរថយន្ត១គ្រឿងតម្លៃ២០,០០០រៀល។ ហើយនៅក្នុងការចុះស្រាវជ្រាវដល់ទីតាំងខាងលើរបស់គណៈកម្មការចម្រុះនេះបានពាំនាំយកនូវពាក្យស្នើសុំរបស់លោកអភិបាលខេត្តកណ្ដាលស្មើសុំឲ្យម្ចាស់អាជីវកម្មខាងលើមិនយកប្រាក់ពីសិស្សសាលានិងមន្រ្តីរាជការ ទាំងមនុស្សនិងយានយន្ត ដោយឡែកអ្នកស្រីឈ្មោះ ទូច លី ហួងមិនបានបដិសេធនូវសំណើររបស់អភិបាលខេត្តនោះទេពោលគឺទទួលយកនិងអនុវត្តន៍តាម ព្រមទាំងដាក់តារាងតំលៃនៅទីនោះ។
សូមបញ្ជាក់ថា ម្ចាស់អាជីវកម្មនៅពេលចាក់ដីបំពេញធ្វើជាផ្លូវគឺមានអាជ្ញាធរមូលដ្ឋានដឹងឮ ហើយការចាក់បំពេញនេះ ម្ចាស់អាជីវកម្មតែងតែធ្វើជារៀងរាល់ឆ្នាំ នៅពេលទឹករាក់បើកទូកដរមិនកើត គឺគាត់ចាប់ផ្តើមចាក់ដីធ្វើផ្លូវឱ្យប្រជាពលរដ្ឋឆ្លងទៅមកលើកោះបានធម្មតា។
អាស្រ័យហេតុនេះសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាប និងកុំមានការ ភាន់ច្រឡំ ៕
























0 Reviews:

Post a Comment