Saturday, October 3, 2020

ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «ប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណា ព្រះមហាក្សត្រី សីហមុនី» នៅស្រុកអង្គស្នួល ខេត្តកណ្ដាល....

(កណ្ដាល)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យសម្ពោធឆ្លង «ប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី» នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

អញ្ជើញអមព្រះរាជដំណើរក្នុងឱកាសនោះ រួមមាន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចចៅហ្វាវាំងវរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

មានព្រះរាជបន្ទូលនាឱកាសនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានកោតសរសើរ និងអរគុណ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសហការី ដែលបានយកចិត្តទុកដាក់ជួយសម្រួល ទាំងផ្នែករដ្ឋបាល បច្ចេកទេសដល់សកម្មភាពក្នុងការកសាងប៉ុស្ដិ៍សុខភាពនេះ។

ព្រះអង្គបានមានព្រះរាជបន្ធូល អរគុណដល់អភិបាលខេត្តកណ្ដាល ដែលបានរាយការណ៍អំពីកិច្ចសហការរួមរវាងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាស្ថិរភាពសង្គមរបរ ដោយសេចក្ដីសុខក្សេមក្សាន្ដ និងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្ដថា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះរាជទាននូវរថយន្ដសង្គ្រោះបន្ទាន់ មួយគ្រឿង និងព្រះរាជទ្រព្យសម្រាប់ជាវម៉ាស៉ីន ធ្វើតេស្ដឈាមមួយគ្រឿង សម្រាប់ប្រើប្រាស់ក្នុងប៉ុស្ដិ៍សុខភាពនេះផងដែរ។

ព្រះអង្គក៏បានកោតសរសើរដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្នុងប៉ុស្ដិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺបានល្អប្រសើរ។ ព្រះអង្គបានមានព្រះរាជបន្ទួលទៀតថា ប៉ុស្ដិ៍សុខភាពនេះ ពិតមែនតែមានទំហំតូច ប៉ុន្ដែជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកសុខាភិបាលមួយកម្រិត ដើម្បីឲ្យប្រជារាស្ដ្រអាចមកព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ។

ក្នុងករណីមានជំងឺធ្ងន់ធ្ងរ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ អាចបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ឬខេត្តទៀត ដែលធ្វើឲ្យការព្យាបាលប្រជារាស្ដ្រ បានឆាប់រហ័សធូរស្រាលមួយកម្រិតថែមទៀត និងឆាប់ជាសះស្បើយ៕

0 Reviews:

Post a Comment