Monday, October 5, 2020

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ ខណៈការសាងសង់សម្រេចស្ទើរតែទាំងស្រុង...

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីអភិបាលខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ។

តាមការប្រកាសរបស់ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ បានកំពុងមានវឌ្ឍនភាពស្ទើតែតាំងស្រុងហើយ ដោយក្នុងនោះមានដូចជា៖

១៖ ការងារចាក់បេតុងផ្លូវ សម្រេចបាន ១០០ភាគរយ
២៖ ការងារដាក់លូតាមផ្លូវ សម្រេចបាន ១០០ភាគរយ
៣៖ ការងាររៀបចំប្រព័ន្ធលូរណប សម្រេចបាន ៣០,៥៤ភាគរយ
៤៖ ការងាររៀបខឿនក្រានីត សម្រេចបាន ៨៥,៨៣ភាគរយ

៥៖ ការងាររៀបចំកម្រាលក្រានីត សម្រេចបាន ៤៩,៦៧ភាគរយ
៦៖ ការងារដំឡើងបង្គោលភ្លើងតាមផ្លូវសម្រេចបាន ៨០,២៨ភាគរយ
៧៖ ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥ភាគរយ

៨៖ ការបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥ភាគរយ

៩៖ ការងារដំឡើងភ្លើងស្តុបចរាចរណ៍សម្រេចបាន៤៥ភាគរយ

១០៖ ការងារដាំដើមឈើ និងផ្កាក្រដាសសម្រេចបាន ៥០,១០ភាគរយ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើ ដោយត្រូវចំណាយទុនប្រមាណ ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណីត ដោយចែកចេញជា៣ប្រភេទ គឺ១៖ ប្រភេទមហាវិថី, ២៖វិថី និង៣៖ អនុវិថី។ ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ, ចំពោះវិថីវិញ គឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាព តាមដងផ្លូវផងដែរ។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕

0 Reviews:

Post a Comment