Monday, January 11, 2021

បុរស​វ័យ​ចំណាស់​ម្នាក់​ ​ត្រូវ​បាន​គេ​យក​មក​បោះបង់​ចោល រហូត​បាត់​បង់ជីវិត​លើ​ផ្លូវ​រ៉ា​រថភ្លើង....


រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​មាន​ជំងឺ​ជាប់​ខ្លួន​ថែម​ទៀត មិនដឹង​ថា កូនចៅ​នៅ​ទីណា​នោះ​ទេ ត្រូវ​បាន​គេ​យក​មក​បោះបង់​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​រ៉ា​រថភ្លើង​ដេក​រហូត​បាត់​បង់ជីវិត​យ៉ាង​​អាណោច​អ​ធ័​ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល កាលពី​វេលា​​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​10 ខែមករា ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​រ៉ា​រថភ្លើង នៅ​ចំណុច​ផ្លូវ​រ៉ា​រថភ្លើង ក្បែរ​នឹង​វត្ត​នាគ​វ័​ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​វ័យ​ចំណាស់​មានឈ្មោះ​ជឿន អាយុ​ជាង​50​ឆ្នាំ មិនដឹង​ថា ផ្ទះសម្បែង​របស់​គាត់​នៅ​ទីណា និង​ស្រុក​កំណើត​នៅឯណា​នោះ​ទេ ។

ប្រជាពលរដ្ឋ​បន្ត​ថា ហើយ​ពេល​នោះ​ប្រជាពលរដ្ឋ​បានឃើញ​គាត់​តាំងពី​ម៉ោង​6​ព្រឹក ថ្ងៃ​ទី​10 ខែមករា​ម្ល៉េះ ក្រោយ​ពី​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បាន​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ទម្លាក់​បុរស​វ័យ​ចំណាស់​រូប​នេះ​ចោល រួច​ក៏​បើករថយន្ត​ចេញ​ទៅ​បាត់​ស្រមោល​។

ពលរដ្ឋ​បន្ត​ទៀត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​ថ្ងៃត្រង់ អ្នក​រស់នៅ​ជិត​នឹង​កន្លែង​កើតហេតុ បាន​ឃើញ​បុរស​វ័យ​ចំណាស់​រូប​នេះ គាត់​អង្គុយ​នៅ​មាត់​ផ្លូវ​ច្រកចូល​រ៉ា​រថភ្លើង​រួច​ដកដង្ហើម​ស្ទើរតែ​បាត់បង់​ជីវិត​ទៅ​ហើយ ទើប​ប្រជាពលរដ្ឋ​នៅ​ទីនោះ​អាណិត ក៏​នាំ​គ្នា​យក​ពូក និង​មុង​ទៅ​ឱ្យ​គាត់​ដេក រួច​ហើយ​ឱ្យ​ម្ហូប​គាត់​ហូប និង​សួរនាំ​ថា តើ​ផ្ទះ​នៅឯណា? ចាំ​ជូន​គាត់​ទៅ​វិញ? ហើយ​មាន​ស្គាល់​លេខ​កូនចៅ​ឬ​អត់? ប៉ុន្តែ​គាត់​និយាយ​ថា «​អត់​ស្គាល់​» ហើយ​ក៏​ដេក​លក់​បាត់​ទៅ​។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា លុះ​រហូត​ដល់​ម៉ោង​8​យប់ ក៏​មាន​អ្នក​យក​ម្ហូបអាហារ​ទៅ​ឲ្យ​គាត់​ហូប​ទៀត ក៏​ស្រាប់តែ​ដាស់​គាត់​អត់​ឃើញ​ឆ្លើយ រួច​ហើយ​ក៏​ស្ទាប​មើល​ដង្ហើម​របស់​គាត់​ទៅ ក៏​អត់​មាន​ដក​ទៀត ទើប​ទូរស័ព្ទ​រាយការណ៍​ទៅ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះ​ចក ឱ្យ​ជួយ​ស្រាវជ្រាវ​រក​សាច់ញាតិ និង​រក​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​តែ​ម្តង ។

ក្រោយមក​សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ គឺ​គាត់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​យ៉ាងច្រើន ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សព​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​​ចតុមុខ ដឹក​យក​ទៅ​ដំកល់​នៅ​ឯ​វត្ត​ទួល​អស់លោក ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

0 Reviews:

Post a Comment