Wednesday, January 13, 2021

ការពិតធ្វើការ​រោងចក្រសោះ បើករថយន្ត​កៀរ​ម៉ូតូ​ដក​កាំភ្លើង​គំរាមជន​រង​គ្រោះ ប្រាប់​ថា​ខ្លួន​ជា​ប៉េ​អ៊ឹម.....

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ កងរាជអាវុធហត្ថ បាន​ប្រកាស​ព័ត៌មាន​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន អោយ​ដឹង​ថា បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង និង​បាន​អះអាង​ខ្លួន​ជា​អាវុធហត្ថ កើតហេតុ​នៅ​ចំណុច​ផ្តុំ​ផ្សារ​ថ្មី ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ ដែល​មានឈ្មោះ សុខ​ណា ម៉ា​លី​ដូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​រោងចក្រ​កាត់ដេរ ទីលំនៅ​ផ្ទះ​លេខ​១២​អឺ​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ក្រោម​ការ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

ដោយឡែកផ្នែកមន្ត្រីនគរបាលវិញ នៅ​រសៀល​ថ្ងៃ​ទី​១២ មក​រា ២០២១ ម្សិលមិញ​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សេចក្តី​បកស្រាយ​បំភ្លឺ​ទាក់ទង​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត និង​ម៉ូតូ ដែល​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ គឺ​អ្នក​បើករថយន្ត​បង្ក បាន​សៀត​កាំភ្លើង​នៅ​នឹង​ចង្កេះ មិន​មានការ​ដក​កាំភ្លើង​គំរាម​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ នោះ​ទេ ។

ជាក់ស្តែង​តាម​រយៈ​វី​ដេ​អូ បំភ្លឺ​របស់​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មិន​មានការ​ដក​កាំភ្លើង​គំរាម​គាត់​នោះ​ទេ គ្រាន់តែ​បានឃើញ​ជន​បង្ក​សៀត​កាំភ្លើង​នៅ​នឹង​ចង្កេះ ហើយ​កាំភ្លើង​នេះ ត្រូវ​បាន​ដកហូត​យក​មក​រក្សា​ទុក នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​១ នៅ​ពេល​កម្លាំង​ជំនាញ នៃ​អធិការ​នគ​បាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ។

ករណី​នេះ​ត្រូវ​បាន​បញ្ចប់ ដោយ​មានការ​ឯកភាព​យល់ព្រម រវាង​ភាគី​ទាំង​សងខាង ដោយ​ភាគី​បង្ក​ជា​ម្ចាស់​រថយន្ត បាន​យល់ព្រម​សង​ទៅ​ជន​រង​គ្រោះ ចំនួន​ទឹកប្រាក់ ១,០០០​ដុល្លា និង​ជួយ​ចេញថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៀត​ផង ។

កាលពី​ថ្ងៃ​ទី​១១ មក​រា ២០២១ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា បុរស​ម្នាក់​ដែល​បើករថយន្ត​ម៉ាក​ព្រូស​កៀរ​ម៉ូតូ​ស្គូ​ពី រួច​ដក​កាំភ្លើង​ភ្ជង់​ជន​រង​គ្រោះ​នោះ​ថា មិន​មានឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ​នោះ​ទេ ហើយ​ថា កាំភ្លើង​ជន​បង្ក​ម៉ាក​កា​៥៩ ក៏​មិន​មាននៅ​ក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ផង​ដែរ ។

ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បានអោយ​ដឹង​ថា កងរាជអាវុធហត្ថ​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ​ករណី​រឿងហេតុ​ខាងលើ​នេះ ដល់​កន្លែង​កើតហេតុ​តាម​នីតិវិធី ។ មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​បញ្ជាក់​ថា បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង នៅ​ផ្តុំ​ផ្សារ​ថ្មី ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ វេលា​ប្រមាណ​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ មានឈ្មោះ សុខ​ណា ម៉ា​លី​ដូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១២​អឺ​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ បុគ្គល​ឈ្មោះ សុខ​ណា ម៉ា​លី​ដូ មិន​មានឈ្មោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​របស់​កងរាជអាវុធហត្ថ និង​អាវុធ​ខ្លី​ម៉ាក់​កា​៥៩ លេខ​២៩៩៩ ក៏​មិន​មាននៅ​ក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ផង​ដែរ ។ កម្លាំង​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ កំពុងធ្វើការ​ស្រាវជ្រាវ​រក​បុគ្គល​ខាងលើ​នេះ ដើម្បី​បញ្ជាក់​ការ​ពិត និង​អនុវត្ត​តាម​ច្បាប់ ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បន្ថែម​ថា ក្រោម​ការ​ដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​គោល​ជំហរ បុគ្គលិក​នៃ​កងរាជអាវុធហត្ថ​រូប​ណា ដែល​ប្រព្រឹត្ត​នូវ​កំហុសឆ្គង ល្មើស​វិន័យ​កងទ័ព ត្រូវ​តែ​អនុវត្ត​ទណ្ឌកម្ម​វិន័យ ដូច​មាន​ចែង​ក្នុង​បទ​ប្បញ្ញត្តិ នៃ​បទ​វិន័យ​ទូទៅ និង​លក្ខន្តិកៈ ទូទៅ​សម្រាប់​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ​។ ក្នុង​ករណី​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​តែ​បញ្ជូន​បុគ្គល​នោះ​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ដូច​ទិស​ស្លោក​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​ទៅ “​ចំពោះ​ប្រទេស​ជាតិ​ត្រូវ​តែ​ការពារ ចំពោះ​ប្រជា​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព បទល្មើស​ត្រូវ​តែ​បង្ក្រាប​” ។

គួរ​រម្លឹក​ដែរ​ថា ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​កាលពី​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ មក​រា ២០២១ ។ ប្រភព​ព័ត៌មាន អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​តូ​យ៉ូ​តា​ព្រូស ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU 9367 បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើករថយន្ត​ស្រប​ទិស​គ្នា តាម​បណ្តោយ​ផ្លូវ​៧៣ កែង​ផ្សារ​ធំ​ថ្មី រួច​កៀរ​ម៉ូតូ​ម៉ាក​ស្គូ​ពី ព៌​ណ​ស ពាក់​ស្លាក​លេខ​កណ្តាល 1AG 5620 បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​របួស​បាក់ដង​កាំបិត និង​រង​របួស​ប្រអប់ជើង ។

ក្រោយ​កើតហេតុ គេ​ឃើញ​អ្នក​បើ​រក​រថយន្ត​បាន​ដក​កាំភ្លើង​ពី​ចង្កេះ ហើយ​ស្រែ​កថា​«​អ្ហែង​ចង់​យ៉ាងម៉េច ?​» ភ្លាម​ៗ​នោះ គេ​ក៍​ឃើញ​អ្នកបើកបរ​ម៉ូតូ​ដែល​រង​របួសធ្ងន់​ផង​នោះ បាន​លើកដៃ​សំពះ​សុំ​កុំ​បាញ់​គាត់​អី ។ ក្រោយ​ឃើញ​សភាព​បែប​នេះ អ្នក​ចោមរោម​មើល​ហេតុការណ៍ បាន​រត់​មក​ជួយ​ជន​រង​គ្រោះ និង​ជួយ​ចាត់ចែង​បញ្ជូន​អ្នកបើកបរ​ម៉ូតូ ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​មក អ្នកបើកបរ​រថយន្ត​ព្រូស នៅ​តែ​បន្ត​សំញែង​កាំភ្លើង​នៅ​មុខ​សមត្ថកិច្ច​ដដែល​ៗ ទើប​ប​សមត្ថកិច្ច សុំ​ដក​កាំភ្លើង​ទុក​សិន តែ​គេ​ឃើញ​ជន​បង្ក​ប្រគល់​អោយ​តែ​សំបក​កាំភ្លើង មិន​ប្រគល់​គ្រាប់​អោយ​នោះ​ទេ និង​បាន​ស្រែក​គំហក​ដាក់​សមត្ថកិច្ច​នោះ​ថែម​ទៀត ហើយ​អ្នកបើកបរ​រថយន្ត​បាន​ស្រែ​កថា ខ្លួន​មានមុខ​ងារ​ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​មាន​តួនាទី​ជា​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ៕

0 Reviews:

Post a Comment