Friday, January 8, 2021

បុរសម្នាក់ ត្រូវមន្ត្រីជលផលខេត្តតាកែវ វាយរហូតដល់ក្បែរស្លាប់.....


ខេត្តតាកែវ៖
 ​បុរស​ម្នាក់​រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​គ​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ត្រូវ​បាន​ លោក​ គឹម សា​រឹទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​ វាយ​បណ្ដាល​ឲ្យ​រងរ​បួស​ធ្ងន់ធ្ងរ ​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានី​ភ្នំពេញ​។

​តាម​បងថ្លៃ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ភឹម វី អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​គ ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ​។ គាត់​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១​ជនរងគ្រោះ​រួមជាមួយ​នឹង​អ្នកភូមិ​ចំនួន​២​នាក់​ទៀត ​បាន​ទៅ​លួច​ឆក់​ត្រី​ នៅ​ចំណុច​កោះ​អញ្ចាញ ស្ថិតនៅក្នុង​ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ។ ខណៈ​កំពុងតែ​ឆក់​ត្រី​នោះ ​ក៏​មាន​ទូក​មន្ត្រីជលផល​ ដែល​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ បានមក​ដល់​រួច​ក៏​ធ្វើ​សកម្មភាព​ដេញ​វាយ​ប្រជាពលរដ្ឋ​ទាំង​៣​នាក់​នោះ​តែម្ដង​។ តែ​ពលរដ្ឋ​២​នាក់​បាន​រត់​រួចខ្លួន ដោយ​នៅសល់តែ​ជនរងគ្រោះ ត្រូវ​បាន​ក្រុម​របស់លោក គឹម សា​រឹទ្ធ ហៅ​មាន វាយ​រហូតដល់​ទៅ​រង​របួស​ធ្ងន់​។

ក្រោយ​ការ​វាយដំ​រួច ជនរងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​ទីស្នាក់ការ​ជលផល ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​មន្ត្រីជលផល ​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​តាកែវ​។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខាង​មន្ទីរពេទ្យ​ខេត្តតាកែវ​ មិន​បាន​ទទួល​ជនរងគ្រោះ​នោះទេ ព្រោះតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក រួច​ក៏​បញ្ជូន​ជនរងគ្រោះ​បន្ត​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​។ ចំពោះ​ករណី​នេះ​ ក្រុមគ្រួសារ​ជនរងគ្រោះ​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ពិនិត្យមើល​ផង ដោយ​មិន​គួរណា​មន្ត្រី​ជលផល​ប្រើ​ហិង្សា​មក​លើ​ជនរងគ្រោះ​យ៉ាងដូច​នេះ​ទេ​។

​ចំពោះ​ករណី​វាយដំ​ប្រជាពលរដ្ឋ​រហូត​ដល់រ​ង​របួសធ្ងន់​នេះ​ខាងលើ​នេះ​វិញ លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ មានប្រសាសន៍ថា តាម​របាយការណ៍​ដែល​លោក​ទទួល​បាន​វា​គឺជា​ករណី​ទូក​បុក​គ្នា ខណៈ​ដែល​មន្ត្រី​ជល​ផល​ចុះ​ធ្វើការ​ល្បាត​នៅ​ក្នុង​បឹង​នោះ​។ យ៉ាងណាក៏ដោយ​លោកនាយ​ខណ្ឌ​បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការស៊ើបអង្កេត​រឿង​នេះ​បន្ត​ទៀត ហើយ​ថាបើ​មន្ត្រី​របស់លោក​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន លោក​នឹង​ចាត់ការ​ទៅតាម​វិធានការ​ច្បាប់​ ​៕





0 Reviews:

Post a Comment