Monday, January 25, 2021

រថយន្តដឹកទំនិញ ជាន់ហ្វ្រ័ងមិនស៊ី រេចង្កូតទៅបុករបាំងថ្មពុះ​ចែកទ្រូងផ្លូវ បណ្តាលឲ្យរលំ រួចបន្តទៅបុកជាមួយ រថយន្តឡិចស៊ីសមួយគ្រឿងទៀត.....


ភ្នំពេញ​ ៖​ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង អ្នកបើកបរបើកលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករបាំងថ្ម​ពុះ​ចែកទ្រូងផ្លូវបណ្តាលឲ្យរលំ រួចបន្តទៅបុកជាមួយរថយន្តឡិចស៊ីសRX 350 ដែលកំពុងបើកបត់ឆ្លងផ្លូវបណ្ដា​ល​ឱ្យរថយន្ដនេះរងការខូចខាតយ៉ាងដំណំ តែសំណាងគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅអំឡុងម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមករា​ ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ​មន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបដឹកទំនិញ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-5427 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបើកបត់ឆ្លងផ្លូវនៅខាងមុខធ្វើឱ្យរថយន្តបង្កជាន់ហ្វ្រ័ងមិនស៊ី ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរលំអស់មួយកង់ រួចរថយន្តមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AD-6003 ដែលកំពុងបើកបត់ឆ្លងផ្លូវ ចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននរណាម្នាក់រងបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចំការមន ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕






0 Reviews:

Post a Comment