Monday, January 25, 2021

បើកបរមិនគោរពសិទ្ធិគ្នា រថយន្ត៣គ្រឿង បុកគ្នាគាបជាប់ នៅលើបណ្ដោយផ្លូវជាតិលេខ៩....


ខេត្តស្ទឹងត្រែង៖ 
រថយន្តខ្នាតយក្ស៣គ្រឿង បើកបរក្នុងល្បឿនលឿនមិនគោរពសិទ្ធិអាទិភាពគ្នា បណ្តាលឱ្យបុកគ្នាគាបជាប់នៅលើផ្លូវជាតិលេខ៩ ធ្វើឱ្យកកស្ទះចរាចរណ៍ បង្កការរំខានដល់អ្នកធ្វើដំណើរ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឋិតនៅចំណុចមុខការាសសាំងTELA ខាងលិចស្ពានមេគង្គ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បើតាមការឲ្យដឹងនៅកន្លែងកើតហេតុបាននិយាយថា មុនកើតហេតុរថយន្តយីឌុបដឹកដំឡូងមីបានខូចឈប់នៅអែបផ្លូវម្ខាងត្រង់ចំណុចកើតហេតុខាងលើដោយក្បាលរថយន្តបែរទៅកើត។ លុះបន្តិចក្រោយមកស្រាប់តែមានរថយន្តយីឌុបមួយគ្រឿងទៀតបើកបោះមួយពីលើស្ពានសេកុងពីកើតទៅលិច ហើយពេលមកដល់ចំណុចកើតហេតុក៏បានវាក់និងរថយន្តដឹកអេស្កាវ៉ាទ័រដែលបើកក្នុងទិសដៅពីលិចទៅកើតក៏បានបុកគាបជាប់ជាមួយនឹងរថយន្តយីឌុបដឹកដំឡូងមីដែលកំពុងឈប់អែបផ្លូវទៅមុខលែងរួចបង្កការភ្ញាក់ផ្អើលនិងធ្វើឲ្យស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរជាច្រើមម៉ោង។ក្រោយកើតហេតុទើបឃើញនគរបាលជំនាញមកធ្វើការវាស់វែងនិងសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរ។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ឲ្យដឹងនៅកន្លែងកើតហេតុថា រថយន្តទាំង៣គ្រឿងដែលបុកគ្នាជាប់គាំងបង្កការកកស្ទះដល់អ្នកធ្វើដំណើរនេះគឺបណ្តាលមកពីរថយន្តយីឌុបដឹកដែកនិងរថយន្តយីឌុបដឹកគ្រឿងចក្របើកបរមិនគោរពសិទ្ធិអាទិភាព ទើបទៅបុករថយន្តដឹកដំឡូងមីដែលចតឈប់នៅស្ងៀមគាបជាប់ទៅមុខលែងរួច តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងដល់អ្នកដទៃឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការវាស់វែងនិងសម្រួលចរាចរណ៍រួច ត្រូវអូសយករថយន្តទាំង៣គ្រឿងនេះទៅទុកនៅស្នងការដ្ឋាននគបាលខេត្ត រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕


0 Reviews:

Post a Comment