Wednesday, January 27, 2021

ចាប់ខ្លួន ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ..

ភ្នំពេញ ៖ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២១ នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យម្នាក់ ឈ្មោះ ឡុង ហ្វី លីប ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ តាមនីតិវិធី បន្ទាប់ពី សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន កាលពីរសៀល២៦ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ។


ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួ ន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែបញ្ជាទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជា។ ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួន សុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។ ក្នុងនោះប្រាក់ដែលត្រូវបង់ពន្ធចំនួន៤៨.០០០ដុល្លារ លើរថយន្ ត១២គ្រឿងដែលនាំចូល មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តលុចស៊ីស។ 


បន្ទាប់មក ខ្លួនបានលក់រថយន្តទាំងនោះអោយក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួនមិនទាន់ពេលវេលាដែរ ទើបខ្លួននៅជំពាក់ប្អូនធម៌ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃនេះ។ ក្រោយមក ប្អូនធម៌ក៏ប្តឹងសមត្ថកិច្ច ចាប់ខ្លួនតែម្តង។


សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ឡុង ហ្វីលីប ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និង បទក្លែងឯកសារសាធារណៈ ខណៈ ជនសង្ស័យ បាន គេចវេសមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និង ដីកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ជាបន្តបន្ទាប់៕




0 Reviews:

Post a Comment