Thursday, January 28, 2021

ភ្លើងប្រចណ្ឌឆាបឆេះ ទាញផ្គាក់កាប់ប្រពន្ធ


ខេត្តកំពង់ស្ពឺ ៖
 បុរសម្នាក់ត្រូវសមត្ថកិច្ច ធ្វើការចាប់ខ្លួន ពីបទប្រើហិង្សាដោយចេតនាប៉ុនប៉ងសម្លាប់ស្រ្តីជាប្រពន្ធ ដោយយកកាំបិតផ្គាក់ដងឈើ ដេញកាប់ប្រពន្ធប៊ិះដាច់ក ព្រោះតែភ្លើងប្រចណ្ឌឆាបឆេះ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ហ៊ឹន យុន អាយុ៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក ជនដៃដល់ជាប្តីមានឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។
ស្រ្តីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ប្រពន្ធគាត់បានឈ្លោះប្រកែកជាមួយគាត់កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក។ លុះការឈ្លោះប្រកែកកាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមានកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់ បានមួយសន្ទុះកំហឹងមិនទាន់រលត់បុរសជាប្ដីបានស្ទុះទៅទាញកាំបិតផ្គាក់ដងលើយកមកប៉ុនប៉ងកាប់សម្លាប់តែម្ដង ប៉ុន្តែគាត់បានគេចផុតត្រូវចំស្មា និងគុម្ពត្រចៀក របួសស្រាល ហើយលោកប្ដីបានចាប់ទាញជាប់វៃជាច្រើនដៃនិងសង្កត់ក ពេលនោះគាត់ខំរើបម្រះ ទើបរត់រួចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ និងរាយការសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ច បានចុះចាប់ខ្លួនជនសង្ស័យ និងដកហូតកាំបិតផ្គាក់ដងឈើ១។ មូលហេតុដែលកើតជាហិង្សារហូតឈានដល់ការប៉ុនប៉ងសម្លាប់ស្រ្តីជាប្រពន្ធ ក៏ព្រោះតែកើតភ្លើងប្រចណ្ឌ ប្រពន្ធជាមួយអ្នកជិតខាង។
ជនសង្ស័យ សមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

0 Reviews:

Post a Comment