Thursday, January 28, 2021

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមការងារទទួលបន្ទុកសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប សហការគ្នាឱ្យបានស្អិតរមួត ដើម្បីឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់...

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញដូចនេះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបច្ចេកទេសស្ដីពី ការតភ្ជាប់មុខតំណលូ និងបច្ចេក ទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថា្នក់ដឹកនាំទទួលបន្ទុក តំណាងអង្គភាពសាងសង់ និងមន្ត្រី បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងគោលបំណងស្ដាប់មន្ត្រីជំនាញធ្វើបទបង្ហាញពីបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា បញ្ហាប្រឈមនានា និងក៏ជាវេទិកាសួរដេញដោល ឬចូលរួមជាមតិយោបល់ទាក់ទង នឹងបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា សំដៅឱ្យការតភ្ជាប់មុខតំណងលូធ្វើឡើងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ និងជាប់រឹងមាំបានល្អ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់មុខតំណលូញី-ឈ្មោលត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការប្រើប្រាស់សម្ភារប្រកប ដោយគុណភាពខ្ពស់ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយទំនួលខុសត្រូវខ្ពស់របស់អង្គភាពសាងសង់នីមួយៗ និងបានផ្ដាំផ្ញើឱ្យក្រុមការងារទទួលបន្ទុក និងមន្ត្រីបច្ចេកទេសទាំងអស់បន្តសហការគ្នា ឱ្យបានស្អិតរមួត ដើម្បីឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់៕

 

0 Reviews:

Post a Comment