Saturday, January 9, 2021

បើករថយន្តស្រវឹងស្រាជោគជាំ បុកម៉ូតូ អូសចូលទៅក្នុង​ប្រឡាយទឹក​....


រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿង​បោះពួយយ៉ាងលឿន ជ្រុលទៅបុកពីក្រោយម៉ូតូមួយគ្រឿងទៀត និងអូសចូល ទៅក្នុងប្រឡាយទឹក គៀបជាប់ខាងក្រោមផ្ទះលក់ម៉ាស៊ូត។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅខាងត្បូងស្តុបឬស្សីសាញ់ ប្រមាណ ៦០០ម៉ែត្រ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស​ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-3398 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុច​កើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង​ជោកជាំ ទិសដៅស្របគ្នា បើកតាមពីក្រោយម៉ូតូ ក្នុងល្បឿនយ៉ាងលឿន។ រួចក៏ជ្រុលទៅបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូ និងអ្នកបើកបរ​កៀបជាប់ក្រោមរថយន្ត។ តែរថយន្តនៅមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅ​មុខបន្តទៀត និងអូសទាំងម៉ូតូទាំងអ្នកបើកបរ ទៅជាមួយបន្តទៅកៀរសំយាបផ្ទះ ដែលជាកន្លែងជួសជុលម៉ូតូយីហោ ជាងទូច បណ្តាលឲ្យបាក់សសរដែក​អស់ចំនួនមួយ។ ​រថយន្តនៅតែមិនទាន់អស់ល្បឿន ក៏បានបន្តជ្រុលទៅមុខ ធ្លាក់ចេញពីផ្លូវអូសទាំងម៉ូតូទាំងអ្នកបើកបរ ទៅធ្លាក់ចូលប្រឡាយទឹក ដែលនៅអមសងខាងផ្លូវ បណ្ដាលឲ្យរថយន្តនោះ ចូលទៅកល់ជាប់ពីក្រោមផ្ទះ​ឈើប្រក់ស័ង្កសី ដែលសង់នៅលើប្រឡាយទឹក បណ្ដាលឲ្យរងការខូចខាត​ក្រពឹតជញ្ជាំងស័ង្កសី។ ចំណែកឯរថយន្ត បានរងការខូចខាតយ៉ាងដំណំ រីឯម៉ូតូបានលិចចូលទៅក្នុងទឹក រងការខូចខាតស្ទើរទាំងស្រុង។

ភ្លាមៗនោះ បុរសដែលជាអ្នក​បើកបរម៉ូតូ បានលូនចេញពីក្នុងទឹក ទាំងរងរបួស​យ៉ាងដំណំ និងបានស្រែកប្រាប់ប្រជាពលរដ្ឋ ដែលបានរត់មកចោមរោមមើលថា ឲ្យជួយប្រពន្ធរបស់គាត់ផង ធ្វើឲ្យប្រជាពលរដ្ឋ គិតថា ម៉ូតូរបស់គាត់ ធ្វើដំណើរគ្នា ២នាក់ ទើបប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងដើរស្វែងរក​ជនរងគ្រោះម្នាក់ទៀត ភ្លាមៗតែម្ដង។ បន្ទាប់មក ក៏មានរថយន្តរបស់គ្លីនិកឯក សាំងម៉ារី បានមកដឹកយកបុរសរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ។ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅតែបន្តដើររុករកជនរងគ្រោះម្នាក់ទៀតអស់រយៈពេល​ជាងមួយម៉ោងក្រោយមក សមត្ថកិច្ចមូលដ្ឋាន ក៏បាន​ទំនាក់ទំនង សួរនាំទៅបុរសរងគ្រោះ ដែលកំពុងសង្គ្រោះនៅគ្លីនិកឯកជនម្តងទៀត ទើបដឹងច្បាស់ថា ម៉ូតូរងគ្រោះ គឺធ្វើដំណើរតែម្នាក់ឯងនោះទេ ទើបប្រជាពលរដ្ឋ បានឈប់នាំគ្នាដើរស្វែងរកជនរងគ្រោះម្នាក់ទៀតនោះផងដែរ។ ដោយឡែក អ្នកបើកបររថយន្ត មិនរងរបួសអ្វីឡើយ។​

ក្រោយពេលកើតហេតុ រថយន្តបង្ក និងអ្នកបើកបរ រួមទាំងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ​​វាស់វែង ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ផ្លូវគោក រង់ចាំធ្វើការដោះស្រាយ និងចាត់ការទៅតាមនីតិវិធីជាបន្តទៀត​៕ 

0 Reviews:

Post a Comment