Monday, January 11, 2021

ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងទប់ស្កាត់ ការបំពងសម្លេងរំខាន នៅតាមទីសាធារណៈត្រូវបានលើកឡើង ក្នុងអង្គប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ.....


(ភ្នំពេញ)៖
 ការរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងការទប់ស្កាត់ ការបំពងសម្លេងរំខាននានា នៅតាមទីសាធារណៈត្រូវបានលើកឡើង ក្នុងអង្គប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១២នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។

លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទត្រូវតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ទទួលបាននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ បន្តការចុះតាមបុរីនានានៅក្នុងរាជធានីភ្នំពេញ ដោយចងក្រងជាកម្លាំង ហើយបើមានបញ្ហាដែលដោះស្រាយបានគឺត្រូវដោះស្រាយភ្លាមជូនប្រជាពលរដ្ឋ ហើយបើបញ្ហាដែល មិនអាចដោះស្រាយបានត្រូវរាយការណ៍ជូនមកថ្នាក់រាជធានីភ្នំពេញ ដើម្បីឲ្យថ្នាក់រាជធានីបន្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្តទៀត។

ពាក់ព័ន្ធនឹងម៉ូតូធំៗដែលបានបង្កសំឡេងរំខាន ក៏ដូចជា ម៉ូតូដែលកែច្នៃស៊ីម៉ាំង រំខានដល់ប្រជាពលរដ្ឋនោះលោក ឃួង ស្រេង បានបញ្ជាក់ជូនថា ការទប់ស្កាត់ម៉ូតូបំពងសម្លេងរំខាននេះ អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច បានឃាត់ខ្លួនឃាត់ម៉ូតូបានចំនួន៦០គ្រឿង។

លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធ ពិសេសគឺមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវចុះផ្ទាល់ទៅដល់ទីតាំងដែលបានឃាត់ទុកនៅរសៀលថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការប៉ះពាល់ទៅលើបរិស្ថានមុននឹងប្រគល់ឲ្យម្ចាស់ម៉ូតូវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា ម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេស គឺនៅរក្សាទុកដដែល ដោយរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ។

លោកក៏បានបញ្ជាក់ផងដែរថា កម្លាំងមានសមត្ថកិច្ចរបស់រាជធានី មិនបានចាប់ម៉ូតូធំៗនេះពីក្នុងផ្ទះប្រជាពលរដ្ឋដូចការលើកឡើងរបស់ជនអគតិមួយចំនួនណានោះទេ។ ក្រៅពីបញ្ហាទាំងប៉ុន្មានខាងលើនេះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យអភិបាលខណ្ឌទាំង១៤ មានវិធានការឲ្យបានម៉ឺងម៉ាត់ និងតឹងរឹងបំផុតចំពោះសំណង់ដែលបាននិងកំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ ដោយធ្វើយ៉ាងណាកុំឲ្យមានហានិភ័យ ដូចជាការធ្លាក់វត្ថុរឹងពីលើអគារខ្ពស់ៗ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏នៅតែមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលយើងត្រូវតែបន្តយកចិត្តទុកដាក់នោះ គឺបញ្ហាគ្រឿងញៀន ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីទប់ស្កាត់។

លោកបញ្ជាក់ផងដែរថា រាល់បទល្មើសដែលបានកើតឡើងភាគច្រើន ជនបង្កបទល្មើសភាគច្រើនជាអ្នកដែលមានសារធាតុញៀន។ បូរីមួយចំនួននៅតែកើតមាននូវបទល្មើស លួច និងគាស់ផ្ទះ ដែលយើងជាកងកម្លាំង មានសមត្ថកិច្ចត្រូវបន្តការយកចិត្តទុកដាក់ចំពោះបទល្មើសទាំងនេះ។

ក្រៅពីនេះក្នុងរយៈពេលមួយខែពីរខែនេះ បទល្មើសដែលផ្ដើមពីក្រុមក្មេងទំនើង ក៏បានកម្រើកឡើងវិញផងដែរ ដោយក្រុមនេះ បានប្រមូលផ្ដុំគ្នាជាក្រុម មានដាវ ស្នាប់ដៃ បង្កភាពអនាធិបតេយ្យវាយតប់គ្នា។ ករណីនេះយើងក៏បាន បង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងនាមជាកងកម្លាំងត្រូវតែខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឲ្យបាន រក្សាភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕

0 Reviews:

Post a Comment