Tuesday, January 12, 2021

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចមិនឲ្យកាប់ដើមឈើធំ៣ដើម មានអាយុជាង៣០០ឆ្នាំ ចេញពីសួនផ្លូវភ្លោះពេទ្យអង្គដួងនោះទេ.....

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរបានចុះត្រួតពិនិត្យផ្ទាល់ទីតាំងដើមឈើធំៗចំនួន៣ដើម ដែលមានអាយុកាលជាង៣០០ឆ្នាំ ដោយសម្រេចមិនកាប់ចេញនោះទេ ព្រោះថាដើមឈើទាំងនេះអាចនៅបន្តឈរទៀតបាន។

ការបញ្ជាក់បែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា អាជ្ញាធរនឹងកាប់ដើមឈើធំៗចំនួន៣ដើម ដែលមានអាយុកាលជាល៣០០ឆ្នាំ នៅសួនផ្លូវភ្លោះពេទ្យអង្គដួង ក្បែរអគារវឌ្ឍនៈ ដោយសារមូលហេតុដើមឈើទាំង៣ដើមនេះ វាពុកផ្នែកខាងក្នុង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាដើម។

ការបញ្ជាក់យ៉ាងច្បាស់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។

ក្នុងដំណើរ នៃការចុះពិនិត្យដើមឈើនេះ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើមឈើទាំង ៣ដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន។ តែលោកបានបញ្ជាឱ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែក ឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ»

លោក ឃួង ស្រេង បានបន្ថែមថា សម្រាប់នៅក្នុងរាជធានីភ្នំពេញ គឺគ្មានការកាប់ដើមឈើណាមួយយកចេញនោះទេ ប៉ុន្តែអាជ្ញាធរមានតែដាំដើមឈើថ្មីបន្ថែម ដើម្បីឱ្យទីក្រុងភ្នំពេញ ក្លាយជាទីក្រុងមានពណ៌បៃតង និងមានបរិស្ថានល្អ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង កាលពីថ្ងៃ០៨ មករាកន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានយកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើ ចំនួន៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។

តែមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ខណៈដែលលោក ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែងលោកបានសម្រេចជាថ្មីថា មិនឱ្យកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះជាដាច់ខាត មានតែការដាំថ្មីបន្ថែម៕

0 Reviews:

Post a Comment