Friday, January 8, 2021

បាត់​ខ្លួន​ពី​ផ្ទះ​ច្រើន​ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​នៅ​ទឹកស្ទឹង​ព្រែក​ត្នោត​....


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ និង​បាន​លេបថ្នាំ​ជាប់​ជា​ប្រចាំ​ថែម​ទៀត​ផង ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​បាន​សុំ​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ពី​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​លេង​ជីដូន​នៅ​ឯ​ខេត្តកណ្ដាល រួច​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ​។

ចំណែកឯ​ក្រុម​គ្រួសារ​មាន​កង្វល់​ខ្លាំង​ណាស់ ក៏​បាន​តាម​ស្វែងរក​គ្រប់​ទីកន្លែង ប៉ុន្តែ​ពុំ​បានឃើញ​ទាល់តែ​សោះ លុះដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៨ ខែមករា ឆ្នា​២០២១ ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​សព​បុរស​ខាងលើ​នេះ​អណ្ដែត​ទឹកស្ទឹង​ព្រែក​ត្នោត​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ខាងជើង​ស្ពាន​បាក់ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ភួង បញ្ញា អាយុ​២៧​ឆ្នាំ មាន​ជំងឺ​សរសៃ​ប្រាសាទ​ប្រចាំ​កាយ​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ និង​មាន​ទីលំនៅ​ក្នុងភូមិ​ដំបូក​ខ្ពស់ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ចំណែក​សាកសព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​។

បើ​តាម​អ្នក​ភូមិ​ព្រែក​ថ្លឹង បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក ពួក​គាត់​ពុំដែល​ធ្លាប់​បាន​ស្គាល់​បុរស​រង​គ្រោះ​ម្នាក់​នេះ​ទ ហើយ​ក៏​មិន​ធ្លាប់​បានឃើញ​បុរស​នេះ​ដើរ​កាត់​តាម​ភូមិ​គាត់​ឡើយ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ពួក​គាត់​ដើរ​តាម​មាត់​ស្ទឹង​ព្រែក​ត្នោត ស្រាប់តែ​ឃើញ​សាកសព​អណ្ដែត​ទឹក​។ ភ្លាម​ៗ​នោះ ពួក​គាត់​បាន​នាំ​គ្នា​ឈរ​មើល​ពី​ចម្ងាយ​ទាំង​ការ​ភ្ញាក់ផ្អើល ព្រមទាំង​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល និង​ធ្វើ​កោសល្យវិច័យ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស រួម​ជាមួយ​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីតាំង​នោះ ហើយ​បាន​រាយ​ការ​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្រង់​សាកសព​ឡើងគោក​ធ្វើ​កោ​លស​ល្យ ជា​លទ្ធផល​គឺ​ជន​រង​គ្រោះ​បាត់បង់​ជីវិត បណ្ដាល​មក​ពី​លង់ទឹក ហើយ​ការ​បាត់​បង់ជីវិត​នេះ​មាន​រយៈពេល​៣​ទៅ​៤​ថ្ងៃ​កន្លង​មក​ហើយ និង​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​ផ្សេង​នោះ​ឡើយ​។

បើ​តាម​យុវជន​ម្នាក់​ឈ្មោះ​ភួង រតនា អាយុ​២៣​ឆ្នាំ មុខរបរ​ចុងភៅ ត្រូវជា​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ (​សព​) បាន​ប្រាប់​ថា បងប្រុស​របស់​ខ្លួន​ដែល​លង់ទឹក​នេះ​មាន​ជំងឺសរសៃប្រសាទ​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ និង​បាន​លេបថ្នាំ​ព្យាបាល​ជាប់​ជា​ប្រចាំ​រហូត​មក​ដែរ ប៉ុន្តែ​ពុំ​បានជា​សះស្បើយ​ឡើយ​។ ដោយឡែក​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​សុំ​ក្រុម​គ្រួសារ​ទៅ​លេង​ផ្ទះ​ជីដូន​នៅ​ម្ដុំ​ផ្សារ​កន្ទួត​សៀមរាប ឃុំ​អន្លុង​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយ​ក៏​ស្រាប់តែ​បាត់​ដំណឹង​ឈឹង​តែ​ម្ដង មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ និង​ខ្វល់ខ្វាយ​ខ្លាំង​ណាស់ ហើយ​ក៏​បាន​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​សូ​ម្បី​តែ​ស្រមោល​ក៏​ពុំ​បានឃើញ​ផង រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២១ ទើបបាន​ទទួល​ដំណឹង​ថា មានការ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹកស្ទឹង​តែ​ម្តង​។ មុន​ដំបូង​ខ្លួន ពុំ​បានដឹង​ថា ជា​បងប្រុស​នោះ​ទេ ប៉ុន្តែ​ដើម្បី​ចង់​ដឹង​ថា សព​នោះ​ជា​នរណា និង​ក្រែង​ជា​បងប្រុស​ខ្លួន​ដែល​បាត់​យូរថ្ងៃ​មក​ហើយ​នោះ ខ្លួន​ក៏​បាន​ទៅ​មើល ទើប​ឃើញ​ថា ពិតជា​បងប្រុស​របស់​ខ្លួន​មែន​៕

0 Reviews:

Post a Comment