Monday, January 18, 2021

សិប្បកម្ម​ផលិត​ប៉ាត់​តេ ៩៩៩ ​ត្រូវបាន​អគ្គីភ័យឆាបឆេះ បណ្ដាល​មក​ពី​កម្មករ​យក​កំទេចផេះ​មក​ចាក់ចោល ដោយ​មិន​បាន​ពន្លត់​​ត្រឹមត្រូវ...


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គីភ័យ​បាន​ឆាបឆេះ​គំនរ​ឈើ​ទុក​ចោល​ក្នុង​បរិវេណ​សិប្បកម្ម​ផលិត​ប៉ាត់​តេ ៩៩៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច សិប្បកម្ម​ផលិត​ប៉ាត់​តេ ៩៩៩ ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។

តាម​សម្តី​ស្ត្រី​ដែល​ជា​ម្ចាស់​ទីតាំង​បានឱ្យ​ដឹង​ថា កាលពី​ក្បាល​ព្រលប់ គឺ​កម្មករ​របស់​គាត់​បាន​កាយ​កំទេចផេះ​ចេញពី​ក្នុង​ឡ​កំ​ដៅ​យក​មក​ចាក់​នៅ​ក្នុង​បរិវេណ​ដែល​មាន​កំទេច​ឈើ​ទុក​ចោល​ដូច​ជា​រាល់ដង ដោយ​មិន​បាន​ពន្លត់​រងើកភ្លើង​អស់នោះ​ទេ ។

ម្ចាស់​ទីតាំង​បន្ត​ថា លុះដល់​ម៉ោង​កើតហេតុ ពួក​គាត់​កំពុង​តែ​សម្រាន្ត​លង់លក់​ក្នុង​ដំណេក ក៏​ស្រាប់តែ​មានការ​ឆោឡោ​ពី​កម្មករ​ដែល​ស្នាក់​នៅ​ទីនោះ​ថា មាន​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​នៅ​ចំណុច​គំនរ​ឈើ ទើប​នាំ​គ្នា​ចេញ​មក​ក្រៅ និង​បាន​យក​បំពង់​ពន្លត់​អគ្គីភ័យ​ទៅ​ជួយ​ពន្លត់ តែ​ដោយសារ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​ពួក​គាត់​រាយការណ៍​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ក៏​ដូច​ជា​រថយន្ត​បង្ការ និង​ពន្លត់​អគ្គីភ័យ​របស់​ការិយាល័យ​នគរបាល​រាជធានី​ភ្នំពេញ ចេញ​អន្តរាគមន៍​ចំនួន​៥​គ្រឿង ដោយ​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៤​រថយន្ដ ទើប​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​អស់​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​វិញ ។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា មិន​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ផ្ទះ​អ្នក​ដទៃ ឬ​របស់របរ​មាន​តម្លៃ​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​គំនរ​ឈើ​អស់​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ។ ចំពោះ​មូលហេតុ​ដែល​ឆេះ​វិញ គឺ​បណ្ដាល​មក​ពី​កម្មករ​យក​កំទេចផេះ​មក​ចាក់ចោល ដោយ​មិន​បាន​ពន្លត់​ឱ្យ​បាន​ត្រឹមត្រូវ ទើប​បង្ក​ឱ្យ​មានការ​រាលដាល​ឆាបឆេះ​បែប​នេះ​៕

0 Reviews:

Post a Comment