Wednesday, January 27, 2021

កម្លាំង​នគរបាល ឡោម​ព័ទ្ធ​វីឡា​ ​របស់​ឧកញ៉ា អ៊ា​ន សៀវ​ ម៉ី បំណង​ឃាត់ខ្លួន​ទៅ​តាម​ដីកា​តុលាការ ប៉ុន្តែ​ពុំ​បាន​សម្រេច​ឡើយ....


រាជធានី​ភ្នំពេញ ៖ ទាក់ទង​ទៅ​នឹង​រឿងរ៉ាវរបស់​​ឧកញ៉ា​រូប​ស្រស់​ល្បី​ខាង​លក់​ឡេ អ៊ា​ន សៀវ​ ម៉ី គឺ​ពុំ​ទាន់​ដឹង​ថា តើ​ជា​សំណុំរឿង​អ្វី​នៅឡើយ​ទេ ហើយ​មានការ​និយាយ​ត​ៗ​គ្នា​ថា ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី កំពុង​គេចខ្លួន​ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា​ មាន​វាសនា​បែប​ណា​នៅឡើយ​ដែរ ។ ការ​គេចខ្លួន​បែប​នេះ ​ពិតជា​មិនល្អ​នោះ​ឡើយ ចំពោះ​ផ្លូវច្បាប់ ។ ពេល​នេះ ​អ្នក​តាម​ដាន​ព័ត៌មាន​កំពុង​ស្វះ​ស្វែងរក​ការ​បំភ្លឺ​នានា ហើយ​ព័ត៌មាន​ថ្មី​នឹង​ច្បាស់​ជាង​នេះ​អាច​ដឹង​នៅ​ថ្ងៃ​ទី២៧ មករា ២០២១ ​នេះ​ទៀត ។

គួររំលឹកថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឡោម​ព័ទ្ធ​វីឡា​មួយ​កន្លែង​របស់​ឧកញ៉ា​រូប​ស្រស់​ល្បី​ខាង​លក់​ឡេ អ៊ា​ន សៀវ​ម៉ី ដែល​ការ​ឡោម​ព័ទ្ធ​នេះ​ គឺ​មាន​បំណង​ឃាត់ខ្លួន​ទៅ​តាម​ដីកា​តុលាការ ប៉ុន្តែ​ពុំ​បាន​សម្រេច​ឡើយ​ដោយ​សង្ស័យ​ថា លោកស្រី​ឧកញ៉ា​រូប​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​បុរី​មូ​ន​ថោ​ន (MOON TOWN) ក្នុងភូមិ​គោក​ចំបក់ សង្កាត​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទោះបីជា​បែប​ណា ពុំ​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​អះអាង​ថា ជា​សំណុំរឿង​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ទើប​ឈាន​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល​ទៅ​ឡោម​ព័ទ្ធ​វីឡា​មួយ​នេះ​យ៉ាង​ជុំ​ជិត​បែប​នេះ ។

យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជា​ម្ចាស់​វីឡា​ខាងលើ ​មានរឿង​បរិហារ​កេ​រី៍្ត​ទៅ​លើ​លោក​ជំទាវ​មាន​ឥទ្ធិពល​២​រូប​ហើយ​ត្រូវ​បាន​លោក​ជំទាវ​ទាំង​២​រូប​នោះ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​នគរបាល​ក្រសួងមហាផ្ទៃ ។ ទីបំផុត សំណុំរឿង​នេះ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ ទើប​មាន​ដីកាកោះ​អញ្ជើញ​ឧកញ៉ា​សៀវ​ម៉ី​នេះ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានីភ្នំពេញ ។

គេ​ហាក់​នៅ​ចាំ​ថា កាលពី​ថ្ងៃ​២៣​ធ្នូ ឆ្នាំ​២០២០ កន្លង​មក ឧកញ៉ា​សាច់​សខ្ចី អ៊ា​ន សៀវ​ម៉ី រូប​នេះ បាន​បន្លំ​ខ្លួន​ជិះ​រថយន្ត​ម៉ាក​ព្រូស​មក​កាន់​សាលាដំបូង​ម្ដង តែ​មិនដឹង​ថា មក​បំភ្លឺ​តុលាការ​នោះ​ជា​សំណុំរឿង​អ្វី​ទេ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​តាម​ឃ្លាំមើល​ឧ​ញ៉ា​អ៊ា​ន សៀវ​ម៉ី នេះ​តាំងពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​មក​ម្ល៉េះ​ដោយ​មាន​ទាំង​មេធាវី​ដើមបណ្ដឹង​ក៏​ចុះ​ទៅ​ដែរ ក្នុង​បំណង​អនុវត្ត​ដីកា​ឃាត់ខ្លួន​ឧកញ៉ា​រូប​នេះ ។

ប៉ុន្តែ​ការ​ឃ្លាំមើល​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ទើប​សម្រេច​ធ្វើការ​ឡោម​ព័ទ្ធ​ដោយ​កម្លាំង​ច្រើន​នាក់ ខណៈនោះ​បាន​ប្រទះ​ឃើញ​រថយន្ត​ឡិច​ស៊ីស​ពណ៌​ស​ទំនើប​១​គ្រឿង​បើក​ចេញពី​វីឡា​នេះ​ហើយ​កម្លាំង​បាន​ឃាត់​ដែរ ប៉ុន្តែ​មិន​បាន​រក​ឃើញ​សាមីខ្លួន​ជិះ​ក្នុង​រថយន្ត​នោះ​ឡើយ បន្ទាប់​មក​កម្លាំង​បាន​ដោះ​លែង​រថយន្ត​នោះ​ទៅ​វិញ ។


0 Reviews:

Post a Comment