Wednesday, January 6, 2021

មេម៉ាយកូន៣ ចាញ់ល្បិចប្រុសហុតទឹកសម្លឹងកាក លួងស្នេហ៍ម៉ែ ពង្រត់កូនក្រមុំទៅបាត់....

ភ្នំពេញ ៖ ស្ត្រីមេម៉ាយកូន៣ ម្នាក់ ចាញ់ល្បិចលួងលោមរបស់ប្រុសក្មេងម្នាក់ រហូតបាក់ចិត្ត ស្រឡាញ់ និងបានសែនព្រេន រួមរស់ជាមួយគ្នាបាន ២ឆ្នាំ ស្មានតែជាស្នេហ៍ស្មោះភក្តី ដឹងអីប្តីក្មេងជាពួកព្រាន ហុតទឹកសម្លឹងកាក លួងស្នេហ៍ម៉ែ ព្រោះតែសម្លឹងឃើញកូនក្រមុំសោះ លុះស៊ីម៉ែបាន ២ឆ្នាំ ក៏ពង្រត់កូនក្រមុំរបស់ប្រពន្ធចាស់ទៅបាត់។

ស្ត្រីអភ័ព្វដែលត្រូវប្រុសក្មេងជាប្តីចុង លួងលោមស្នេហ៍ បែរជាពង្រត់កូនក្រមុំចេញពីផ្ទះបាត់នោះ បានរៀបរាប់ប្រាប់ដោយសុំមិនបង្ហាញអត្តសញ្ញាណថា ប្តីក្មេងដែលពង្រត់កូនស្រីរបស់គាត់ទៅបាត់នោះ មានឈ្មោះសុខ ចំរើន ហៅតេមឺ អាយុ២៥ឆ្នាំ មុខរបរព្រូឡាន និងមានស្រុកកំណើតនៅភូមិស្វាយព្រៃ ឃុំកណ្តោល ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកកូនស្រីរបស់គាត់ដែលត្រូវប្តីចុងគាត់ពង្រត់ទៅនោះ មានឈ្មោះ សុភា ដាឡែន អាយុ ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ និងជាកូនច្បងក្នុងចំណោមបងប្អូន ៣នាក់ មានលំនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល។

ស្ត្រីមេម៉ាយ ខាងលើ បានរៀបរាប់បន្តថា ដំបូងឡើយ គាត់បានរៀបការជាមួយប្តីទី១ និងបានរួមរស់ បង្កើតកូន ៣នាក់ (ប្រុស១ ស្រី២) ជាចំណងនិស្ស័យ តែក្រោយមក ដោយសារតែរួមរស់មិនចុះសម្រុងគ្នា ជួបតែរឿងរកាំរកូស ទើបនៅពេលកំណើតកូនប្រុសទី៣ ដែលជាកូនពៅ ពួកគាត់ក៏បានទាស់ទែងគ្នាយ៉ាងខ្លាំង រហូតឈានដល់ការលែងលះ ចែកផ្លូវគ្នាដើររៀងខ្លួន ដោយគាត់ជាអ្នករ៉ាប់រងចិញ្ចឹមកូនទាំង ៣នាក់ តែម្នាក់ឯង រហូតមក។

ស្ត្រីខាងលើ បន្តទៀតថា ក្រោយមក កាលពីអំឡុងពេលប្រមាណ​ ២ឆ្នាំមុននេះ គ្រាដែលគាត់ចេញទៅស៊ីឈ្នួលបកថង់អេតចាយឱ្យគេ នៅស្តង់អេតចាយ ក៏បានជួបស្គាល់ជាមួយនឹងឈ្មោះសុខ ចំរើន ហៅតេមឺ ដែលកាលណោះ គេជាអ្នកអូសរទេះ ដើរទិញអេតចាយ និងយកមកលក់ឱ្យស្តង់អេតចាយដែលគាត់ធ្វើការ ទើបបានរាប់អានគ្នា រហូតកើតជាទំនាក់ទំនងស្នេហា ប៉ុន្តែត្រូវឪពុកម្តាយរបស់គាត់ មិនទទួលស្គាល់នោះទេ។

ក្រោយមក បំណាច់ចិត្តស្រលាញ់ពេញបេះដូង ទោះឪពុកម្តាយអត់ព្រមទទួលស្គាល់ ក៏គាត់សុខចិត្តប្រឆាំងទឹកចិត្តឪពុកម្តាយ កាត់កេរ្តិ៍កាត់ខ្មាស រត់តាមប្រុសស្នេហ៍ ទៅរួមរស់ជាមួយគ្នា នៅឯស្រុកកំណើតខាងប្រុស ឯភូមិស្វាយព្រៃ ឃុំកណ្តោល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបានសែនព្រេនតិចតួច ទទួលយកគ្នាជាប្តីប្រពន្ធ និងមានចាស់ទុំខាងប្តី ទទួលស្គាល់ដែរ អត់តែខាងគាត់ប៉ុណ្ណោះ។

បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៣ខែ ដោយសារតែគាត់ឈឺផង ណាមួយនឹកកូនៗផង ទើបបបួលប្តី ត្រឡប់មកផ្ទះវិញ និងបានលុតជង្គង់សុំទោសឪពុកម្តាយរបស់គាត់ទៀតផង ចំណែកឪពុកម្តាយ ហេតុតែចិត្តមិនដាច់ ក៏បើកបេះដូងព្រមទទួល ប៉ុន្តែគ្រាន់តែហាមប្តីគាត់ មិនឱ្យផឹកស៊ីច្រើនដាច់ខាត បើស្រលាញ់ប្រពន្ធមេម៉ាយកូន៣ នេះទៅហើយ ត្រូវប្រឹងធ្វើការ រកស៊ីចិញ្ចឹមគ្រួសារ។ ក្រោយមក ប្តីក្មេងរបស់គាត់នេះ បែរជា ដើរប៉ោឡែ ជក់ថ្នាំញៀន រហូតពេលខ្លះយកថ្នាំញៀន មកជក់ដល់លើផ្ទះទៀតផង ធ្វើឱ្យគាត់ខឹង ឈ្លោះប្រកែកទារបែកផ្លូវ តែត្រូវប្តីក្មេង អង្វរលួងលោមសុំទោស និងសន្យាថាផ្តាច់ថ្នាំញៀនចោលហើយ។

ស្ត្រីមេម៉ាយរងគ្រោះ បន្តថា ក្រោយមក កូនស្រីច្បងរបស់គាត់ (សុភា ដាឡែន) ដែលបាត់ខ្លួនទៅនោះ បានសុំគាត់ជាម្តាយ ទិញទូរស័ព្ទ ១គ្រឿង ទុកសម្រាប់យកទៅរៀន ដោយនាងអះអាងថា ពេលទៅរៀន បែកកង់ម៉ូតូ ឬមានគ្រោះថ្នាក់ ឬមានអាសន្នអ្វី ស្រួលទូរស័ព្ទមករកឪពុកម្តាយ ក្រុមគ្រួសារ ឱ្យជួយទាន់ពេល។ ដោយនឹកឃើញថា សមហេតុផល ទើបគាត់បានទៅប្រាប់ប្តីថា កូនស្រីចង់បានទូរស័ព្ទ ទើបប្តីនោះ បានទៅទិញទូរស័ព្ទ ១គ្រឿង មកឱ្យកូនស្រី ហើយក៏បានដៃ លួចទាក់ទងគ្នាតាំងពីពេលណាក៏មិនដឹង។

ស្ត្រីដដែល បានបញ្ជាក់ថា រហូតមកដល់ថ្ងៃអុំទូក ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ គាត់និងប្តីក្មេង បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតដល់ប្តីកំណាច ស្ទុះមកចាប់ច្របាច់កគាត់ ធ្វើឱ្យកូនតូចៗ ២នាក់ ស្រែកយំយ៉ាងខ្លាំង ប៉ុន្តែគាត់ចាប់អារម្មណ៍ឃើញថា កូនស្រីច្បងរបស់គាត់ បែរជាមិនមានប្រតិកម្មអ្វីសោះ។ លុះព្រឹកឡើង ម៉ោងប្រហែល៦ គាត់ភ្ញាក់ពីដេក ស្រាប់តែបាត់កូនស្រី លុះងាកទៅរកប្តី ក៏មិនឃើញ ទើបទៅសួរឪពុកម្តាយ ក៏មិនដឹងថា ពួកគេទាំង២នាក់ (ប្តីចុងនិងកូនស្រី) ទៅណា ទើបគាត់សង្ស័យថា ប្តីចុងរបស់គាត់ ពង្រត់កូនស្រីគាត់ទៅបាត់។

ក្រោយពីបាត់ទាំងប្តីចុង និងកូនក្រមុំបែបនេះ គាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន និងបាននាំគ្នាទៅតាមរកប្តី ដល់ស្រុកកំណើតដែរ តែមិនឃើញប្តីគាត់នាំកូនស្រីទៅសោះ។ ស្រាប់តែ ១ខែក្រោយមក គាត់ទទួលបានដំណឹងពីសាច់ញាតិខាងប្តីមកថា ប្តីនេះបាននាំកូនស្រីគាត់ ទៅដល់ស្រុកកំណើត និងបានសុំលុយឪពុកបង្កើតរបស់គេបានមួយចំនួន ដោយប្រាប់ថា ចេញមកធ្វើការសំណង់ នៅម្តុំគីឡូម៉ែត្រលេខ៦ ឯភ្នំពេញ និងថែមទាំងបានប្រាប់គេឯងពេញៗមាត់ថា កូនស្រីចុងដែលគេពង្រត់ទៅនោះ គឺជាប្រពន្ធ និងថែមទាំងថា កំពុងមានផ្ទៃពោះ ៣ខែទៀតផង។

ស្ត្រីខាងលើ បានឱ្យដឹងទៀតថា លុះកាលពីប៉ុន្មានថ្ងៃមុននេះ កូនស្រីបានទូរស័ព្ទមកជីតារបស់នាង និងបានសួរថា បើនាងត្រឡប់មកវិញ តើតាយាយ វាយនាងឬអត់? ពេលនោះ តាយាយក៏ឆ្លើយថា អត់ខឹង អត់វ៉ៃទេ សំខាន់ឱ្យតែចៅ វិលត្រឡប់មកវិញ។ លុះគាត់ជាម្តាយ ឆក់យកទូរស័ព្ទមកនិយាយជាមួយ កូនស្រីបានប្រាប់ថា ពេលនេះ នាងកំពុងនៅក្នុងការដ្ឋានសំណង់មួយកន្លែង តែមិនដឹងថានៅម្តុំណាទេ ព្រោះអត់ស្គាល់ភូមិសាស្ត្រ ហើយប្តី (អតីតឪពុកចុង) មិនអនុញ្ញាតឱ្យនាងចុះពីបន្ទប់ដាច់ខាត ទុកឱ្យនាងនៅបន្ទប់ជាន់លើ ហើយគេធ្វើការនៅខាងក្រោម ហេតុនេះ ទើបគាត់សង្ស័យថា ពេលនេះ កូនស្រីរបស់គាត់ កំពុងត្រូវឪពុកចុងនោះ បង្ខាំងទុកតែម្តង។

យ៉ាងណា ស្ត្រីជាម្តាយខាងលើ បានអំពាវនាវដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវតាមរកកូនស្រីរបស់គាត់ វិលត្រឡប់មកវិញផង ព្រោះពេលនេះ គាត់មិនដឹងជាត្រូវទៅរកកូនស្រីនៅឯណានោះទេ បានត្រឹមអង្គុយយំ ទឹកភ្នែកជូតក្បាលជង្គង់ អាណិតកូនស្រីផង ឈឺចិត្តនឹងប្តីក្មេងហេងស៊យដែលហុតទឹកសម្លឹងកាក ស៊ីទាំងម៉ែ ទាំងកូនផង៕

0 Reviews:

Post a Comment