Thursday, January 7, 2021

​ផឹកស្រា​ស្រវឹង ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ បើក​ម៉ូតូ​កង់​បី​ដល់​ពាក់កណ្ដាល​ស្ពាន បន្សល់​ទុក​ស្បែកជើង​មួយគូ ....

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​នៅផ្ទះ​បងប្អូន​​ក៏​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ ហើយ​​ក៏​​បើក​ម៉ូតូ​កង់​បី​ទៅ​ដល់​ពាក់កណ្ដាល​ស្ពាន​ជ្រោយចង្វារ​លោតទឹក​បញ្ចប់ជីវិត​ ដោយបន្សល់​ទុក​នូវ​ស្បែកជើង​មួយគូ និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​នៅ​លើ​ស្ពាន បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​បងប្រុស​បង្កើត​ឈ្មោះ សំ ឧត្ដម បាន​ប្រាប់​អោយ​ដឹង​ថា បុរស​​ម្នាក់​ដែល​លោតទឹក​ពីលើស្ពាន​ខាងលើនេះ​ត្រូវជា​ប្អូនប្រុស​របស់​គាត់​ឈ្មោះ សំ បញ្ញា អាយុ​24​ឆ្នាំ​ មុខរបរ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ដោយ​ស្នាក់​នៅ​ជាមួយប្រពន្ធ​ នៅ​ផ្ទះ​ជួល​​មួយកន្លែង ស្ថិត​ក្នុង​​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​ ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​តា​បេស ឃុំព្រែក​ពោ​ធិ៏ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ ​បុរសរងគ្រោះ​​និង​ប្រពន្ធ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​​របស់​គាត់​​ក្នុង​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ពិភាក្សា​គ្នា​រឿង​ធ្វើ​បុណ្យខួប​គម្រប់​៣​ឆ្នាំ​អោយ​ម្តាយ នៅ​ថ្ងៃ​ទី​៧ ​ខែមករា ២០២១ នេះ ខណៈ​ពេល​ហូប​ចុក​ស្រវឹង ​ស្រាប់តែ​បុរសរងគ្រោះ​បាន​ឈ្លោះប្រកែក​ពាក្យ​សម្តី​គ្នា​ជាមួយ​ប្រពន្ធ ពេល​នោះ​​បុរសរងគ្រោះ​​ក៏​ឡើង​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញ​ទៅ​បាត់ ដោយ​មិន​ប្រាប់​អ្នក​ណា​ឡើយ ។ រហូត​ដល់​វេលា​ម៉ោង​9​យប់​ថ្ងៃ​ដដែល​ ស្រាប់តែ​មាន​សមត្ថកិច្ច​ទាក់ទង​មក​ប្រពន្ធ​​​របស់​បុរសរងគ្រោះដោយ​​ប្រាប់​ថា ​បុរសរងគ្រោះ​​បាន​លោតទឹក​ពីលើស្ពានជ្រោយចង្វារ​​បាត់​ទៅ​ហើយ​។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ 1HJ-8498 ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ពាក់កណ្តាល​ស្ពាន​ក៏​ឈប់​ម៉ូតូ​កង់​បី​អែប​កៀន រួច​ក៏​លោត​ចុះទឹកទន្លេ​​តែ​ម្តង ដោយ​បន្សល់​ទុក​ស្បែកជើង​​ស៊ក​មួយគូរ​នៅ​ក្បែរ​បង្កាន់ដៃស្ពាន និង​ម៉ូតូ​កង់​បី​មួយ​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ​ នៅ​សល់​ម៉ូតូ​កង់​បី ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក រង​ចាំ​សាច់ញាតិ​យក​ឯកសារ​មក​បញ្ជាក់ ដើម្បី​ទទួល​យក​ម៉ូតូ​កង់​បី​នោះ​ត្រឡ​ប់​ទៅ​វិញ ចំណែក​ប្រពន្ធ និង​សាច់ញាតិ​បុរស​ខាងលើ បាន​ត្រឹម​ស្តាយស្រណោះ និង​​ជួលទូកគេ​ស្វែងរក​សព​បុរស​នោះ​ដើម្បី​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ៕ 

0 Reviews:

Post a Comment