Monday, January 25, 2021

អ្នកធ្វើនំស្រួយ ខំប្រឹង​សន្សំទុក ​សម្រាប់​ប្រពន្ធ​ឆ្លងទន្លេ​ បែរជាចោរចូលប្លន់ ទាំងកណ្ដាលអធ្រាត្រ ....


ខេត្តបាត់ដំបង ៖ ជន​សង្ស័យមួយក្រុមមានគ្នា៣នាក់​ ​ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​គ្រប់​ដៃ ហើយ​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ ​សម្រុកចូល «​ប្លន់​» អ្នក​ធ្វើ​នំ​ស្រួយ យក​ប្រាក់​អស់​ជិត​២​លាន​រៀល និង​ទូរស័ព្ទ​ម៉ាក OPPO ១​គ្រឿង កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ ស្ថិត​​​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់។

ជន​រង​គ្រោះ​នៅក្នុងអំពើ​ប្លន់​នោះ ​ឈ្មោះ ហួ​ន វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល។ ប៉ុន្ដែគាត់​ទើបមក​ស្នាក់​នៅ​​ផ្ទះ​បងប្អូន ស្ថិត​ក្នុង​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ​បានរយៈពេល​ប្រហែល​៣​ខែ ដើម្បី​ប្រកប​មុខរបរ ​ធ្វើ​នំ​ស្រួយ​លក់​ឲ្យ​ម៉ូយ​។

សមត្ថកិច្ច​ បានបញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​ក្រុម​ចោរ​ពាក់មួក​សុវត្ថិភាព ​​ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​ក្នុង​ដៃ​គ្រប់​ៗ​គ្នា សម្រុក​ចូលមក​​គំរាម «​ប្លន់​» យក​ប្រាក់ និង​ទូរស័ព្ទ ខណៈ​​​ជន​រង​គ្រោះ​ទាំង២​នាក់​ប្ដី​ប្រពន្ធ​កំពុង​​ធ្វើ​នំ​ នៅ​ក្នុងផ្ទះ​។

លោក ហួ​ន វាសនា ​បានប្រាប់សមត្ថកិច្ច​ថា ជា​ទម្លាប់​របស់គាត់​ និង​ប្រពន្ធ តែង​តែងើប​ធ្វើ​នំ​ស្រួយ ចាប់ពី​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ រហូត​ដល់​ភ្លឺ ព្រោះ​ម៉ូយ​ត្រូវមក​ទទួលយក​ទៅ​លក់បន្ដ​។ លុះមកដល់​​យប់​កើតហេតុ ខណៈ​គាត់​កំពុង​ឈរ​វ៉ៃ​ម្ស៉ៅ ហើយ​ប្រពន្ធ​​​កំពុង​ប្រែ​នំ ​នៅ​ក្នុង​ខ្ទះ​ខ្លាញ់ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់ ដើរ​ចូល​​​សំដៅ​មករកគាត់ ​និង​ប្រពន្ធ តាម​ចំហៀង​ផ្ទះ​ពី​ខាងក្រោយ​។ ពួក​គេ​សុទ្ធតែ​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់ ពាក់​ស្រោមដៃ និង​កាន់​ដាវ​ម្នាក់​១​ដើម​ក្នុង​ដៃ ​​មើលទៅ​គួរ​ឲ្យ​ញាក់សាច់​​​​​។

ជន​រង​គ្រោះ បាន​បន្ត​ថា នៅក្នុងហេតុការណ៍នោះ គាត់​បានឃើញ​បក្ខពួករបស់ចោរ​២​នាក់​ឈរ​នៅ​ក្បែរ​ជញ្ជាំង​ផ្ទះ មាន​ចម្ងាយ​ពី​ប្រពន្ធរបស់គាត់ ​ប្រហែល​២​ម៉ែត្រ។ រីឯ​ម្នាក់​ទៀត​កាន់​ដាវ​ដើរមក​ឈរ​យ៉ាង​កៀក​ក្បែរនឹង​ប្រពន្ធ​របស់គាត់ ហើយ​​ទាររក​​ប្រាក់​​​ ដោយពួកវាប្រាប់​ថា ​​ឲ្យ​លុយ​ខ្ញុំ​ចាយ​ខ្លះមក​..​។ ឮបែបនេះ គាត់​​បាន​ឆ្លើយ​ថា ខ្ញុំ​អត់​មាន​លុយ​ទេ… ប៉ុន្ដែក្រុមចោរ​​បាន​គំរាម​ថា ​​បើ​មិន​ឲ្យ​លុយ​ទេ ប្រយ័ត្ន​អញ​កាប់​ស​ម្លា​ប់​ប្រពន្ធ​ចោល​​​។

ជន​រង​គ្រោះ​ បាន​បញ្ជាក់​ថា ឮចោរគំរាមបែបនេះគាត់កាន់​ភ័យរន្ធត់​យ៉ាង​ខ្លាំងឡើង​ ព្រោះ​ប្រពន្ធ​របស់គាត់​កំពុង​មាន​ផ្ទៃពោះ​ផង។ ភ្លាមនោះគាត់បាន​ឡើងទៅ​លើ​ផ្ទះ​ ប្រមូល​យក​ប្រាក់​ចំនួន​១,៧​លាន​រៀល ដែលខំប្រឹង​សន្សំទុក ​សម្រាប់​ប្រពន្ធ​ឆ្លងទន្លេ​យកមកឲ្យ​ក្រុម​ចោរ​ទាំងអស់​។ បន្ទាប់មក ក្រុមចោរ​បាន​ឆក់​យក​ទូរស័ព្ទ ​ម៉ាក OPPO ​​មួយ​គ្រឿង​ទៀត ​ដែល​ទុកនៅ​លើ​តុ​ធ្វើ​នំ​ ហើយនាំគ្នាគេចខ្លួនទៅ​បាត់​។ ប៉ុន្ដែ​ពួក​វា​មិន​បាន​បង្ក​ហិង្សា​មកលើ​ប្ដី​ប្រពន្ធរបស់គាត​ទេ​។

ដោយឡែក​ លោក ប៉ាន់ វ៉ា​ន់​នី ​អធិការ​ស្រុក​បាណ​ន់ បាន​សន្និដ្ឋាន​ជា​បឋម​ថា «​ក្រុម​ចោរ​ដាវ​សាមូ​រ៉ៃ​ខាងលើ​នេះ ជា​មុខសញ្ញា​នៅ​ក្នុង​មូលដ្ឋាន​»​។ ប៉ុន្តែ​​សមត្ថកិច្ច​​មិន​ទាន់​​កំណត់​បាន​នូវ​មុខសញ្ញា​នេះ​ច្បាស់លាស់​ថា ជា​ជន​មួយ​ណា​ឲ្យ​ប្រាកដ ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន នៅឡើយ។

ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតែស៊ើបអង្កេតលើករណីនេះ ដើម្បីតាមចាប់ខ្លួនជនសង័្សយ នាំមកផ្ដន្ទាទោសតាមច្បាប់៕


0 Reviews:

Post a Comment