Tuesday, January 12, 2021

មន្ត្រីជំនាញខេត្តព្រះវិហារ ចុះបង្ក្រាបរថយន្តដឹកជញ្ជូនឈើកែច្នៃ និងរថយន្តដឹកគ្រឿងសង្ហារឹមកែច្នៃខុសច្បាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦២....

(ព្រះវិហារ)៖ មន្ត្រីជំនាញខេត្តព្រះវិហារ បានចុះបង្ក្រាបរថយន្តដឹកជញ្ជូនឈើកែច្នៃ និងរថយន្តដឹកគ្រឿងសង្ហារឹមកែច្នៃខុសច្បាប់ជាច្រើន នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ភូមិអូរពោធិ ក្នុងឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

ប្រតិបត្តិការបង្រ្កាបរថយន្តដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមកែច្នៃដោយខុសច្បាប់នេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ។

លោក វុធ សាវី បានថ្លែងប្រាប់ឲដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ, លោកបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថាន ចុះបង្រ្កាបការដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមកែច្នៃដោយខុសច្បាប់បានជាច្រើនរថយន្ត។

លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា វត្ថុតាងដូចជា រថយន្ត ឈើ និងវត្ថុមួយចំនួនទៀត ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់ឱ្យបានតឹងរឹង ក្នុងគោលបំណងចូលរួមអភិរក្សព្រៃឈើកុំឱ្យមានការកាប់បំផ្លាញ និងមានការទិញដូរពីក្រុមឈ្មួញតទៅទៀត ពិសេសបង្រ្កាបអ្នកទិញតែម្តង។

លោកសង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការនេះ មានអ្នកអន្តរាគមន៍ច្រើនណាស់ តែលោកមិនស្តាប់ទេ ផ្ទុយទៅវិញគឺត្រូវតែអនុវត្តទៅតាមច្បាប់ជាដាច់ខាត៕

0 Reviews:

Post a Comment