Monday, January 18, 2021

បុរស​២នាក់​ជិះ​ម៉ូតូឌុប​គ្នា គេច​ពី​រថយន្ត​បត់​ឆ្លងផ្លូវ​មិន​ផុត​ ​ជ្រុល​ទៅ​បុក​រថយន្ត​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ ស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់....


រាជធានី​ភ្នំពេញ ៖ បុរស​២នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បើក​គេច​ពី​រថយន្ត​បត់​ឆ្លងផ្លូវ​នៅ​ពីមុខ តែ​គេច​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​រថយន្ត​នោះ បណ្តាល​ឱ្យ​ដួល​ម៉ូតូ រួច​ខ្ទាត​ទៅ​ចំហៀង​ផ្លូវ​ម្ខាង​ទៀត ក៏​ចូល​ក្រោម​រថយន្ត​១​គ្រឿង​ទៀត​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា បណ្តាល​ឱ្យ​អូស​ជា​ច្រើន​ម៉ែត្រ​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ម្នាក់​បាត់បង់​ជីវិត និង​អ្នក​អង្គុយ​ក្រោយ​របួសស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០២១ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខកា​រ៉ា​ស៊ាំ​ង PTP ស្ថិត​ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

សព​បុរស​ដែល​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មានឈ្មោះ ម៉ុ​ន គួ​ង អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ជិត​ស្ពាន​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។

បើ​តាម​ប្រភព​ពី​មិត្តភក្តិ​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គេ​ទាំង​២​នាក់​ទើបនឹង​ចេញពី​លេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ​ចំការ​ព្រីង រួច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1AD-1829 ដែល​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត និង​បាន​ឌុ​ប​គ្នា​ត្រលប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ដោយ​ជន​រង​គ្រោះ​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ជា​អ្នក​ឌុ​ប ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​ល្បឿន​លឿន ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ ទទឹង​ង៉ាង​កណ្ដាលផ្លូវ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្រឹង​គេច​ដែរ តែ​មិន​ផុត ក៏​ជ្រុល​បុក​គូទ​រថយន្ត​នោះ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​អូស​តាម​ថ្នល់ ខ្ទាត​ទៅ​ចំហៀង​ផ្លូវ​ម្ខាង​ទៀត រួច​ក៏​ចូល​ក្រោម​រថយន្ត HILUX VIGO មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-2121 ធ្វើ​ដំណើរ​​បញ្ច្រាសទិស​ដៅ​គ្នា​មក​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​របួស​ស្រាល។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​កើតហេតុ អ្នក​បើករថយន្ដ​ក៏​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ដោយ​បន្សល់​ទុក​តែ​តំណាង​នៅ​ដោះស្រាយ​ជំនួស​តែ​ប៉ុណ្ណោះ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ខេត្តព្រៃវែង ដែល​ជា​ស្រុក​កំណើត​ខាង​ប្រពន្ធ​តាម​ប្រពៃណី ។ រីឯ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត ៕

0 Reviews:

Post a Comment