Thursday, January 7, 2021

អគ្គីភ័យឆាបឆេះ រោងចក្រផលិតប្រអប់ស្នោរ នៅភូមិព្រៃល្ង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ


ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងរោងចក្រ ផ្នែកខាងក្រោយ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លើងឆេះខ្មួលខ្មាញ់ឡើងតែម្ដង។ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យទាក់ទងទៅការិយាល័យជំនាញចេញរថយន្តពន្លត់អគ្គីភ័យជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែដោយសារតែរោងចក្រផលិតប្រអប់បាយធ្វើពីស្នោ មានការឆាបឆេះលឿនពេក គឺមិនងាយគ្រប់គ្រងបានឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យជាង១០គ្រឿងចេញមកធ្វើអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ជៀសវាងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានសន្និដ្ឋានជាជំហានដំបូងថា មូលហេតុកើតឡើងសង្ស័យមានការឆ្លងចរន្តអគ្គិសនី៕























0 Reviews:

Post a Comment