Wednesday, January 13, 2021

រស់នៅដូចប្ដីប្រពន្ធ ខាងស្រីទទូចសុំរៀបការតែខាងប្រុសចេះតែ​រក​លេស​ដោះសារ​ ចុងក្រោយប្ដឹងប៉ូលីសចាប់ខាងប្រុស.....

ខេត្តកណ្តាល៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ស្នាម​ស្នេហ៍​មិន​ដូច​បំណង​បាន​ក្លាយជា​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ដែល​ទីបំផុត​ភាគី​ខាង​បុរស​ដែល​ប្រើ​ហិង្សា​បង្ក​ឱ្យ​ខូចខាត​ម៉ូតូត្រូវ​បាន​ចាប់ខ្លួន ។ បាតុភាព​ស្រឡាញ់​ក្លាយជា​ស្អប់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ជាប់ចោទ​នៅ​ក្នុង​អគារ​វប្បធម៌​ភូមិ​តា​ខ្មៅ​២ ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​របស់​អ្នក​ដ៏​ទៃ ។

យុវជន​រូប​នេះ​ឈ្មោះ មឿ​ន ហុង​ម៉េ​ង អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ វង្ស សុជាតា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ យុវជន​ជាប់ចោទ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជាង​៦​ខែ​មក​ហើយ និង​បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ថែម​ទៀត​ផង ។ការ​ស្មោះស្ម័គ្រ​ស្រឡាញ់​គ្នា​ដោយ​ចិត្ត​និង​ចិត្ត​នោះ ភាគី​ខាង​ស្រី​ចេះ​តែ​ទទូច​ខាង​ប្រុស​ឲ្យ​ប្រាប់​ឪពុក​ម្តាយ​ឬ​ចាស់ទុំ​ឱ្យ​ចូល​ស្តីដណ្តឹង ដើម្បី​បាន​រៀប​ការ​តាម​ប្រពៃណី ប៉ុន្តែ​បុរស​រូប​នេះ​ហាក់ដូចជា​មិន​អើពើ មិន​យកចិត្តទុកដាក់​នូវ​ពាក្យ​សម្តី​ទទូច​សុំ​ពី​សំណាក់​ស្រី​ស្នេហ៍​ដែល​នាង​បាន​ដាក់ចិត្ត​ដាក់​កាយ​ស្រឡាញ់​យូរ​មក​ហើយ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ប្រុស​ស្នេហ៍​នេះ តែង​រក​លេស​ដោះសារ​និង​គេចវេស​ពី​បំណង​ល្អ​របស់​នារី​ជា​សង្សារ​ដែល​មិន​ខុស​ពាក្យ​ថា (​ចង់ស៊ី​នំ​តែ​មិន​ឲ្យ​លុយ​) ។ ទើប​មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ ភាគី​នារី​បាន​និយាយ​គ្នា​ជាមួយ​បុរស​ជា​សង្សារ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​មិន​អាច​ទុក​ពេល​ឱ្យ​សង្សារ​បណ្តូលពោត​នេះ​អូស​ក្រឡា ដោយ​គ្មាន​ការ​ទទួលខុសត្រូវ ពី​អ្នក​អាណាព្យាបាល​ទាំង​សងខាង​នោះ​ទេ ។

លុះ​ពេល​ពួក​គេ​ជួប​គ្នា​និយាយ​រឿង​នេះ ក៏​កើត​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​បាន​ប្រើ​ហិង្សា​វាយ​ម៉ូតូ​របស់​នាង បណ្តាល​ឲ្យ​បែក​កុង​ទ័​រ ទើប​នាង​ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ បណ្តា​យ​ឲ្យ​ជ្រុះ​ទូរស័ព្ទ​ទៅ​លើ​ដី ហើយ​បែក​អេ​ក្រង់​(​កញ្ចក់​មុខ​)​ខ្ទេចខ្ទី​អស់ ។ ខណៈ​ពេល​ឃើញ​សកម្មភាព​សង្សារ​ហេងស៊យ​នេះ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​យ៉ាង​ដូច្នេះ នារី​រង​គ្រោះ​បាន​បែកចិត្ត​ភ្លាម​ៗ​ដូច​បែក​ក្អម សម្រេចចិត្ត​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​តា​ខ្មៅ​ឲ្យ​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ រួម​ទាំង​លែង​ទទួលស្គាល់​មនុស្ស​ប្រុស​បែប​នេះ​ថែម​ទៀត ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង ទើប​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​សាកសួរ​ទៅ​តាម​ពាក្យបណ្តឹង​របស់​នារី​ជា​សង្សារ ។ មិនដឹង​ថា សមត្ថកិច្ច​និង​បញ្ជូន​ជនជាប់ចោទ​ទៅ​តុលាការ​ឬ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ឬ​បែប​ណា​ទៀត​នៅឡើយ​ទេ ៕

0 Reviews:

Post a Comment