Tuesday, January 12, 2021

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យកម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ យកចំណេះដឹង និងបទពិសោធន៍ទៅបម្រើជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើន....

 (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យកម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ត្រូវយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅបម្រើជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញពួកគេឱ្យចងចាំនូវពាក្យស្លោកមួយចំនួនដូចជា៖ «មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រ», «ត្រូវធ្វើអ្វីៗដោយឆន្ទៈនិងធ្វើឱ្យបានបើធ្វើមិនបានកុំធ្វើ», «សំដីឥតប្រយោជន៍នាំឱ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឱ្យជាតិរុងរឿង»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញយ៉ាងដូចនេះនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាតាមអនឡាញ ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូបផងដែរ។

បាឋកថានេះដែរធ្វើឡើងដើម្បីចែករំលែកនូវព័ត៌មានពាក់ព័ន្ធទៅនឹងការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យពួកគាត់បានយល់ច្បាស់ អំពីទិសដៅ ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសហការអនុវត្តប្រកបដោយឆន្ទៈខ្ពស់។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីប្រវត្តដំបូងនៃការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដោយការចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) សំដៅពង្រឹង និងពង្រីក កិច្ចសហការ និងទំនាក់ទំនងក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះ។ ប៉ុន្តែឈានដល់ដំណាក់កាលថ្មីនេះកម្ពុជាតម្រូវឱ្យមានការពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) ដោយក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ និងផ្លូវជាតិនានាទៀត ព្រមទាំងកំពុងកសាងផ្លូវថ្មី ពីវាលវែងទៅខេត្តកោះកុង (ផ្លូវជាតិលេខ១០) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម ឱ្យសមស្របតាមកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្រសួងក៏បានទិញគ្រឿងចក្រទំនើបៗដែលមិនធ្លាប់មានជូនដល់មន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សាងសង់ថែមទៀត ដោយហេតុថាក្រសួងមិនទទួលយកផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ពោលគឺត្រូវធ្វើផ្លូវឱ្យ មានគុណភាពតាមស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុក។

ទាក់ទងនឹងវិស័យដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា ក្រសួងបានប្រើប្រាស់យន្តការព័ត៌មានវិទ្យា ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈដូចជា៖ ការចុះបញ្ជីយានជំនិះ ការប្ដូរនិងពន្យារបណ្ណបើកបរ ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការប្រឡងយកបណ្ណបើកបរតាមអនឡាញ ក៏ដូចជា បង្កើតកម្មវិធីព័ត៌មានវិទ្យានានា ឱ្យស្របតាមការរីកចម្រើនផ្នែកព័ត៌មានវិទ្យារបស់សកលលោកផងដែរ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្រសួងក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍផែនការមេភ័ស្តភារកម្មកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ការប្រកួត ប្រជែង វិស័យភ័ស្តុភារកម្មនៅក្នុងតំបន់ និងពិភពលោក ដោយហេតុថា កម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលឋិតនៅចំចំណុចកណ្ដាល នៃប្រទេសក្នុងតំបន់អាស៊ាន។ ជាងនេះទៀតបច្ចុប្បន្នក្រសួងត្រៀមនឹងចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញសម្រាប់ជំហានទី១ និងជំហានបន្ទាប់ នៅខេត្តព្រះសីហនុផងដែរ៕

0 Reviews:

Post a Comment