Monday, January 11, 2021

ដកភ្លើងបាញ់ផ្តាច់ជីវិតប្រពន្ធទី២ វ័យក្មេងដោយផ្ទាល់ដៃ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ....


រាជធានីភ្នំពេញ៖
 មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានដាច់ចិត្តដកភ្លើងបាញ់ផ្តាច់ជីវិតប្រពន្ធទី២ វ័យក្មេងដោយផ្ទាល់ដៃ បន្ទាប់មក ខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមទាំង២នាក់ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ភូមិរោងចក្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ ជួប សារ៉ែន អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ។ ចំណែក បុរសជាប្តីមានឈ្មោះ សេង គឹមសាន្ត អាយុ៥៩ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ មានឋានន្តរស័ក្តិ វរសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះជាប្ដីតែងតែមានប្រចណ្ឌប្រពន្ធជារឿយៗ ។ ជាពិសេសពេលឃើញប្រពន្ធនិយាយទូរស័ព្ទម្តងៗ ប្ដីតែងតែប្រចណ្ឌស្ទើររៀងរាល់ថ្ងៃ។ ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយ តែបានលែងលះគ្នាតាមផ្លូវច្បាប់ ទើបមកជួយស្នេហ៍ជាមួយប្រពន្ធទី២នេះ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ឆ្នាំម្នាក់ ។

ប្រភពបន្តថា នៅពេលកើតហេតុ គេឮសំឡេងផ្ទុះអាវុធ៣ទៅ៤ គ្រាប់នៅក្នុងបន្ទប់ប្តីប្រពន្ធជនរងគ្រោះ លុះអ្នកជិតខាងនាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងមានរាយការណ៍ជូនទៅសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតុហេតុ ឃើញស្រ្តីប្រពន្ធស្លាប់លុតជង្គង់នៅមុខបន្ទប់ទឹក ចំណែកប្ដីស្លាប់នៅក្នុងបន្ទប់។ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ជនរងគ្រោះជាប្តីបាញ់សម្លាប់ស្រ្តីជាប្រពន្ធ ទើបបាញ់សម្លាប់ខ្លួនតាមក្រោយ ដោយផ្តើមចេញពីភ្លើងប្រចណ្ឌ ។ សពជនរងគ្រោះទាំង២នាក់ ត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

0 Reviews:

Post a Comment