Saturday, February 13, 2021

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ជា ​ស្នើ​អោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កោះហៅ​តួ​សម្តែង​រឿង​«​ទុំ​ទាវ​២០២១» មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ឡើង​វិញ.....


រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ជា បាន​ស្នើ​អោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កោះហៅ​តួ​សម្តែង​រឿង​«​ទុំ​ទាវ​២០២១» ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​ក្រុម Ah Gi អ្នកលក់​ឡេ យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ឡើង​វិញ ។

តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «HC ហ៊ុន ជា ដើម្បី​ខ្មែរ​» ជា​របស់​លោក ហ៊ុន ជា បាន​លើក​ឡើង​នៅ​ម៉ោង​៩​និង​៣៧​នាទី​យប់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ដូច្នេះ​ថា «​រឿង​ទុំ​ទាវ​២០២១ ជា​ប្រធានបទ​ដ៏​ក្ដៅ​ដូច​ទឹក​កំពុង​ពុះ ដើម្បី​រក​យុត្តិធម៌​ដល់​ជាតិ​សាសន៍​ដូច​គ្នា នោះ យើង​ត្រូវ​តែ​មាន​តម្លាភាព​ជាមួយ​គ្នា ។ ខ្ញុំ​សុំ​ស្នើ ក្រសួង​វប្បធម៌ កោះហៅ​បុគ្គល ដែល​បាន​យក​រឿង​ទុំ​ទាវ​មក​បំផ្លាញ នាំ​អោយ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង​អក្សរសាស្ត្រ​ខ្មែរ យក​ទៅ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ឡើង​វិញ ដើម្បី​បំពេញ​បំណង និង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ជនរួមជាតិ​ខ្មែរ​ទាំងអស់​អោយ​មាន​ភាព​ស្មើគ្នា ។ កុំអោយ​រាស្ដ្រ​គិត ថា វា​ខុស​គ្នា​ត្រង់​ណា ? » ។

ក្រោយ​បង្ហោះ​សារ​ខាងលើ​នេះ​រួច នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ​នេះ លោក ហ៊ុន ជា សរសេរ​ទៀត​ថា «​មិន​ថា​ខ​មិន​(Comment) រឺ​ឆាត​មក​ផ្ទាល់​ដល់​រូប​ខ្ញុំ គឺ​សឹងតែ ៩៩​ភាគរយ ដែល​ចង់អោយ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​មិនមែន ដុត​អោយ​ខ្លោច រោល​អោយ​ឆៅ​នោះ​ទេ គ្រាន់តែ​ចង់អោយ​មាន​យុ​ត្តិ​ធ​ម៍​ដល់​ខ្មែរ​គ្រប់​គ្នា ។ ក្នុង​នាម​ខ្ញុំ ក៏​ជា​ប្រជាជន​ខ្មែរ​មួយ​រូប​ដែរ សុំ​សំណូមពរ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្រសួង​ដែល​មាន​សមត្ថភាព​ពាក់ព័ន្ធ ក្នុង​រឿង​ទុំ​ទាវ ២០២១ ដែល​អាច​មាន ៖
ទី​១. ក្រសួង​ព័​ត៍​មាន
ទី​២. ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ
ទី​៣. ក្រសួង​ធម្មការ និង​សាសនា
ទី​៤. ក្រសួង​អប់រំ
មេត្តា​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​កំហុសឆ្គង​ដែល​មាន​ចេតនា​គ្រោងទុក​នេះ​ឡើង​វិញ ពោល​គឺ​កុំអោយ​រាស្ត្រ​គិត​ថា ច្បាប់​លំអៀង ហើយ​ច្បាប់​អនុវត្ត គឺ​មាន​សំរាប់​អ្នកក្រ និង​អ្នកមាន​។ មន្ដ្រី​ធ្វើ រាស្ត្រ​រង​ចាំ​មើល ពី​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​ស្រលាញ់​ខ្មែរ​» ។

​សូម​រម្លឹក​ថា ក្រុម​សម្ដែង​រឿង​ទុំ​ទាវ​២០២១ ព្រម​ធ្វើ​កិច្ចសន្យា ៨​ចំណុច តាម​វិធានការ​របស់​ក្រសួង ក្រោយ​ពី​ប្រជុំ​បិទទ្វារ​អស់​រយៈពេល​ជាង ៣​ម៉ោង រួច​មក​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​សម្រេច​ដាក់​ចេញ​នូវ​ចំណាត់ការ​ចំនួន ៨​ចំណុច ដល់​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​រួម​មាន ៖

១. មិន​ត្រូវ​ប្រព្រឹត្ត និង​ចូលរួម​ប្រព្រឹត្ត​នូវ​គ្រប់​សកម្មភាព ឥរិយាបថ ព្រមទាំង​ពាក្យ​សម្តី ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គម​ជាតិ​ទៀត​ឡើយ ។

២. មិន​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​បែប​អនាចារ ក្នុង​បណ្តាញ​សង្គម ។

៣. ប្រើប្រាស់​ចំណេះ ជំនាញ ដើម្បី​ចូលរួម​លើក​ស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​កិ​ត្យា​សង្គម​ជាតិ​។

៤. យល់ព្រម​ប្រគល់ Page account ឈ្មោះ Hokima និង Account Tik Tok ឈ្មោះ Gi Leader261 ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ជូន​ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​គ្រប់គ្រង និង​លុប​ចោល​ទាំងស្រុង​។

៥. សន្យា​មិន​ទាញ​យក​ទិន្នន័យ​ក្នុង Page account ឈ្មោះ Hokima និង Account Tiktok ឈ្មោះ Gi Leader261 ដែល​បាន​ប្រគល់​ជូន​ក្រុមការងារ​របស់​ក្រសួង​ទៅ​រក្សា​ទុក ឬ​ប្រើប្រាស់​ឡើយ​។

៦. សន្យា​នឹង​សហការ​ជាមួយ​ម្ចាស់ account Facebook ឬ​/​និង Page account ដែល​ជួល​ពី​មិត្ត ជូន​ទៅ​សមត្ថកិច្ច ដើម្បី​លុប account Facebook ឬ​/​និង Page account​ទាំងអស់​។

៧. ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​មុខ​អ្នក​សារ​ព័ត​មាន ។

៨. ប្រសិនបើ​នៅ​ប្រព្រឹត្ត​នូវ​រាល់​សកម្មភាព ឥរិយាបថ ព្រមទាំង​ពាក្យ​សម្តី ភាព​ស៊ិ​ច​ស៊ី​បែប​អនាចារ បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គម​ជាតិ​ជា​បន្ត​ទៀត នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

0 Reviews:

Post a Comment