Wednesday, February 3, 2021

នារី​ស្រស់ស្អាត​​ម្នាក់​ ​បើករថយន្ត​​ម៉ាក​​ព្រូស ​​ជ្រុល​ទៅ​បុក​ម៉ូតូ​ បណ្តាល​ឱ្យ​ដួល​រង​របួស​ ហើយ​រថយន្ដនោះ​រ៉េ​​ចង្កូត​ទៅ​បុក​ចូល​ផ្ទះ​លក់​ខោអាវ​ជជុះ​នៅ​ក្បែរ​នោះ​​ឱ្យ​​រង​ខូចខាត​​ទៀត....


រាជធានីភ្នំពេញ ៖ នារី​ស្រស់ស្អាត​​ម្នាក់​បាន​បើករថយន្ត​​ម៉ាក​​ព្រូស​​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​ បណ្តាល​ឱ្យ​ដួល​រង​របួស​ ហើយ​រថយន្ដនោះ​បានរ៉េ​​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​ខោអាវ​ជជុះ​ដែល​នៅ​ក្បែរ​នោះ​ បណ្តាល​ឱ្យ​​រង​ខូចខាត​បន្ថែម​ទៀត ។

ហេតុការណ៍​​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​២​​ឈាន​ចូល​​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ​នៅ​ចំនុច​ផ្លូវ​១៤៣​កែង​ផ្លូវ​៣១០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង ​រាជធានីភ្នំពេញ ។

ភាគី​​​ខាងរថយន្ត​មួយគ្រឿង​ខាងលើម៉ាកព្រូស ពណ៌ស បើកបរ​ដោយ​នារីម្នាកមិនស្គាល់​អត្តសញ្ញាណ និង​​នារីម្នាក់ទៀតជាអ្នក​រួមដំណើរ​​​មិនស្គាល់​អត្ត​សញ្ញាណ ។​ ចំណែក​ភាគី​​​ខាង​ម៉ូតូ​ម៉ាក​ស៊ុ​យ​​ហ្ស៊ុយគី​ស្មាស ​រ៉េ​វ៉ូ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AM 4205 ​បើកបរដោយបុរសម្នាក់​មិនស្គាល់អត្ត​សញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស៊ុ​យ​​ហ្ស៊ុយ​គី ស្មាស​រ៉េ​វ៉ូ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣១០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំនុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៍​ស្រាប់តែមាន​​នារី​វ័យក្មេង​ម្នាក់ជាអ្នកបើករថយន្តម៉ាកព្រូស រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៤៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ក៍​ជ្រុល​ទៅ​បុក​ម៉ូតូចំពាក់​កណ្ដាលយ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើកបរ​​ម៉ូតូ​​ដួលបោក​​ទៅ​នឹង​ផ្លូវ រង​របួស​រលាត់​ដៃជើង​ និង​ពក​មុខ​ពក​មាត់ និង​បែក​ទូរ​សព្ទ័​ម៉ាក iphone 11 pro អស់​១​គ្រឿង​ទៀត ។

​តាម​ប្រភពព័ត៌មាន​បានបន្ត​ថា ភ្លាម​ៗ​នោះ​ដែរ រថយន្ត​​ម៉ាកព្រូសនៅ​​មិន​ទាន់​អស់​ល្បឿន ​នៅឡើយទេ ក៍បាន​​រ៉េ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​លក់​ខោអាវ​ជជុះ ធ្វើ​ឲ្យ​រង​ខូចខាត អស់​ចំនួន​២​ប្រលោះ ទើប​កល់​រថយន្ត​ជាប់​ទៅ​មុខ​លែង​រួច ហើយ​ភ្លាម​ៗនោះ​​នារី​វ័យក្មេង​ជា​អ្នក​បើករថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​និយាយ​ទាំង​ធុំក្លិនស្រាថា​ គាត់​បាន​បើក​គេច​ពី​ម៉ូតូ​មួយ​គ្រឿង ទើប​បង្ក​គ្រោះថ្នាក់​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ភាគី​​​​ខាង​រថយន្ត និង​​ភាគី​​ខាង​ម៉ូតូ​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​បាន​សង​ទៅ​ខាង​ម៉ូតូ​ចំនួន​១៥០​ដុល្លារ និង​សង​ថ្លៃ​ការ​ខូចខាត​ទៅ​អោយ​ម្ចាស់ផ្ទះ​ចំនួន​៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕

0 Reviews:

Post a Comment