Saturday, February 13, 2021

ព្រះសង្ឃចំនួន៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ....


ខេត្តពោធិ៍សាត់ ៖ 
ព្រះសង្ឃចំនួន៣អង្គ ដែលគង់នៅវត្តបាក់ចិញ្ចៀន បានពុលឱសថបុរាណបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយឆាន់ឱសថបុរាណ របស់ព្រះសង្ឃមួយអង្គ គង់នៅវត្តពោធិ៍វិន័យស្រះខាងកើត ។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចវត្តបាក់ចិញ្ចៀន ស្ថិតក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។

គណៈកម្មការអាចារ្យវត្តបាក់ចិញ្ចៀន បានឱ្យដឹងថា មុនពេលកើតហេតុ មានព្រះសង្ឃ ព្រះនាម សាន់ សារិទ្ធ ព្រះជន្ម៦០ឆ្នាំ គង់នៅវត្តពោធិ៍វិន័យស្រះខាងកើត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននិមន្តមកបុណ្យផ្កានៅវត្តបាក់ចិញ្ចៀន ហើយឃើញលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀន ព្រះនាម អៀម ឃន ព្រះជន្ម៧៨ឆ្នាំ រូបរាងស្គមស្គាំង ព្រះអង្គសាន់ សារិទ្ធ បានឱ្យឱសថបុរាណ ទៅលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀននោះឆាន់។ លុះក្រោយឆាន់រួច មានព្រះសង្ឃ២អង្គទៀត ព្រះនាម កេត សារឿន ព្រះជន្ម៧៥ឆ្នាំ ទ និងព្រះនាម ប៊ូ ទុំ ព្រះជន្ម៤៧ឆ្នាំ បានឆាន់ឱសថបុរាណនោះដែរ។

ប្រភពបន្តថា ក្រោយពីឆាន់ឱសថបុរាណនេះហើយ ស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចបានបញ្ជូនព្រះសង្ឃ ទាំង៣អង្គ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រហូតមានអាការបានធូរស្រាលឡើងវិញ ៕

0 Reviews:

Post a Comment