Monday, February 15, 2021

ពលរដ្ឋ​ខ្មែរ​ម្នាក់ ឆ្លង​ដែន​ខុសច្បាប់​ពី​ថៃ​ចូល​មក​កម្ពុជា ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង....


ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​ប្រទេស​ថៃ ឆ្លង​ដែន​ដោយ​ខុសច្បាប់ ចូល​មក​កម្ពុជា​វិញ ស្រាប់តែ​ជួប​គ្រោះថ្នាក់ ជាន់​មីន​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​តាម​បណ្ដោយ​ព្រំដែន ផ្ទុះ​ដាច់​ជើង​ខាងស្តាំ​ត្រឹម​ជង្គង់ ត្រូវ​បានក​ម្លាំ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ចូល​ទៅ​ជួយ និង​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក ទាំង​យប់ ។

ហេតុការណ៍​ផ្ទុះ​មីន​លាន់​កក្រើក​ដី​ខាងលើ​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ត្រង់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​នៅ​ចំណុច​ច្រក​ព្រៃ​គប់ ស្ថិត​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ការពារ​ព្រំដែន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចេញពី​ប្រទេស​ថៃ លួច​ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ ដោយ​ដើរ​កាត់​តាម​តំបន់​ព្រៃ​ភ្នំ ជាយក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ លុះ​ពេល​គាត់​ដើរមក​ដល់​ចំណុច​កើតហេតុ ក៏​ជួបនឹង​គ្រោះថ្នាក់ ជាន់​មីន​បណ្តាល​ឲ្យ​ដាច់​ជើង​ខាងស្តាំ​បែប​នេះ តែ​ម្ដង​ទៅ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ យឿ​ន រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានអោយ​ដឹង​ទៀត​ថា ក្រោយ​ទទួល​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​ជាន់​មីន ដែល​ឆ្លង​ដែន​ដោយ​ខុសច្បាប់ នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​ជួយ​ដឹក​ជន​រង​គ្រោះ​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី ។

បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​មង្គល​បូ​រី ៕

0 Reviews:

Post a Comment