Friday, February 12, 2021

គ្រាន់តែចតរថយន្តដាក់កូនចុះមួយភ្លែត កើតជាជម្លោះពាក្យសម្តី អ្នករត់កង់បីឥណ្ឌាជាខ្មាន់កាំភ្លើង ខឹងបានទៅហៅបក្ខពួកមកបាញ់បណ្តាលឲ្យស្លាប់៣នាក់....


រាជធានីភ្នំពេញ៖
 អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ជាខ្មាន់កាំភ្លើងមានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿងខណៈដែលគាត់បើកមកឈប់ចតនៅមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ រួចខ្មាន់កាំភ្លើងជាអ្នករត់ម៉ូតូកង់បីឥណ្ឌានោះបានហៅបក្សពួកមកបាញ់ប្រហារ៣គ្រាប់បណ្ដាលឲ្យបុរស៣នាក់ស្លាប់ ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១៩ និង ២៥ នាទីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះប៉ូ សូភី, ទី២ មានឈ្មោះសុី ដេត និងទី៣ មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុខាងលើ។ បន្ទាប់មកគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមកពីក្រោយរួចស៊ីផ្លេឱ្យរថយន្តអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ។ បន្ទាប់មកអ្នកបើកម៉ូតូកង់បីឥណ្ឌាក៏បានបើកចេញទៅបាត់ទៅ។ លុះមួយសន្ទុះក្រោយមកនៅម៉ោងកើតហេតុខាងលើស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បីឥណ្ឌាជាខ្មាន់កាំភ្លើងបានហៅបក្សពួកជិះម៉ូតូជាច្រើនគ្រឿងមកកន្លែងកើតហេតុវិញ រួចខ្មាន់កាំភ្លើងជាអ្នកបើកម៉ូតូកង់បីឥណ្ឌាបានស្ទុះទៅដកកាំភ្លើងពីបក្សពួកដែលជិះម៉ូតូយកមកបាញ់សំដៅទៅលើម្ចាស់រថយន្តខណៈដែលគាត់កំពុងអង្គុយលេងជាមួយជនរងគ្រោះកំពុងផឹកស៊ីនៅមុខហាង ចំនួន៣គ្រាប់ត្រូវបុរសចំនួន៣នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់និង២នាក់ទៀតរងរបួសធ្ងន់។ ភ្លាមៗនោះប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង៣ នាក់ដាក់លើម៉ូតូកង់បីឥណ្ឌាបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ទាំងបីនាក់។ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បីឥណ្ឌានិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើដើម្បីងាយស្រួលពិនិត្យនិងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់​ ៕

0 Reviews:

Post a Comment