Monday, February 22, 2021

ក្រុមចោរបំពុលសត្វឆ្កែ ៣ក្បាល ងាប់អស់១ក្បាល លួចយកម៉ូតូបាន ២គ្រឿង នៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់....


(ពោធិ៍សាត់)៖
 ក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែ ៣ក្បាល ងាប់អស់១ក្បាល រួចលួចយកម៉ូតូប្រជាពលរដ្ឋអស់ ២គ្រឿង ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលម្ចាស់កំពុងតែលង់លក់នឹងដំណេកនៅលើផ្ទះ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១២៖៣៧នាទីយប់ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

អាជ្ញាធរមានសមត្ថកិច្ច បានឱ្យដឹងថា ករណីចោរកម្មខាងលើ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានប្រើថ្នាំបំពុលប្រឡាក់ជាមួយ សាច់ជ្រូកយកមកបំពុលឆ្កែ ចំនួន៣ក្បាល តែងាប់១ក្បាល រួចចូលលួចកាត់ច្រវ៉ាក់ និងកាច់សោរកយកម៉ូតូអស់ចំនួន២គ្រឿង រួមមាន៖ ១៖ ម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម ស៊េរី២០១៧ គ្មានស្លាកលេខ (គ្មានពន្ធ), ២៖ ម៉ាកវ៉េវអាល់ហ្វា ពណ៌ទឹកប៊ិច ស៊េរី២០១៩ គ្មានស្លាកលេខ (គ្មានពន្ធ)។

ម្ចាស់ម៉ូតូឈ្មោះ លន់ លាវ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានប្រាប់ឱ្យដឹងដែរថា ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពបំពុលសត្វឆ្កែ រួចលួចយកទៅបាត់នោះ គាត់បានចាក់ច្រវ៉ាក់ជាប់ទុកនៅក្រោមផ្ទះ ហើយឡើងដេកលើផ្ទះ លុះភ្លឺឡើងទើបដឹងបាត់ម៉ូតូ២គ្រឿង និងឃើញសត្វឆ្កែងាប់អស់ ១ក្បាលដែរ។

បើទោះបីគេឃើញសមត្ថកិច្ចសហការចុះពិនិត្យ និងបន្តធ្វើការស្រាវជ្រាវយ៉ាងណាក្ដី គេសង្កេតឃើញប្រជាពលរដ្ឋនៅតំបន់ទីដាច់ស្រយាល មានការធ្វេសប្រហែសច្រើន បញ្ហាទុកដាក់ទ្រព្យសម្បត្តិទាំងនោះផងដែរ៕

0 Reviews:

Post a Comment