Friday, February 19, 2021

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រស្រុកពញាឮ ...

ខេត្តកណ្តាល ៖ នារសៀលថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០ ២១ផ្លូវបេតុងអាមេ ចំនួន ១ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។          

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា សមិទ្ធផលផ្លូវបេតុងប្រវែង ២០០០ម៉ែត្រនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពរ និងជាការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិ ភាពជូនប្រជាពលរដ្ឋបន្ថែមទៀត ឯកឧត្ដមអភិបាលខេត្តក៏បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុក ដាក់ អនុវត្តគោលនយោបាយ "ភូមិ ឃុំ មានសុវត្ថិភាព" ជាប្រ ចាំដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន។


ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ម្ដងទៀត ព្រោះថាជំងឺកូវីដ-១៩ គឺជាបីសាចលាក់មុខ ដូច្នេះយើងត្រូវសំអាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ពិសេសពាក់ម៉ាស់ជានិច្ចនៅពេលធ្វើដំណើរចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។ គោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ និងបើកបរដោយស្ថានភាពស្រវឹង។













   

0 Reviews:

Post a Comment