Wednesday, February 17, 2021

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងតំណាងរាស្ដ្រមណ្ឌលកណ្ដាល អញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវមេតុងមួយខ្សែ ប្រវែង១គីឡូម៉ែត្រ នៅស្រុកស្អាង....


(កណ្ដាល)៖
 លោក ទី សុគន្ធ តំណាងរាស្ដ្រមណ្ឌលកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវមេតុងមួយខ្សែ ប្រវែង១គីឡូម៉ែត្រ នៅស្រុកស្អាង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ដើម្បីផ្សាភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ស្រលាញ់ រាប់អាន គាំទ្រ ចំពោះមន្រ្តីរាជការ អាជ្ញាធរ និងពុកម៉ែ បងប្អូននៅស្រុកស្អាង នេះជាទីលើកទី១០ហើយ ដែលបានមកសំណេះសំណាល សួរសុខទុក្ខ និងចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលផ្សេងៗ។

លោកថា ថ្ងៃនេះផងដែរ ផ្លូវបេតុងអាមេមួយខ្សែទៀត ប្រវែង ១,១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង គឺត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។

លោក គង់ សោភ័ណ្ឌ បានបន្តថា នាទសវត្សរ៍ឆ្នាំ៩០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ ឃុំក្រាំងយ៉ូវ ជាតំបន់បៃតង ជាតំបន់គម្រូសម្រាប់ការអភិវឌ្ឍមុនគេ ដោយបានសាងសង់ មណ្ឌលអភិវឌ្ឍន៍ក្រាំងយ៉ូវ មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ដ ផ្ដល់ម៉ាស៊ីនបូមទឹក សម្រាប់ឲ្យប្រជាពលរដ្ឋ ស្រោចស្រព ផលដំណាំជាប់ជាប្រចាំ ជារៀងរាល់ឆ្នាំ និងផ្តល់មធ្យោបាយជាច្រើនទៀត ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ មានភាពប្រសើរឡើងជាបន្ដបន្ទាប់រហូតមកដល់បច្ចុប្បន្ន៕

0 Reviews:

Post a Comment