Tuesday, February 2, 2021

លង់ស្នេហ៍បុរសតាក់ស៊ី​​​​២ឆ្នាំ ​រហូត​អស់ពីខ្លួន ទើប​បែក​ធ្លាយ ស្រែកយំ​ដើម្បី​ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍....

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់បានយំស្រែក​ឱ្យប្រជាពលរដ្ឋ​ជួយរាយការណ៍​ទៅសមត្ថកិច្ច​ដើម្បី​ចុះ​មកជួយអន្តរាគមន៍ទៅលើករណី​បុរសម្នាក់​ដែលស្រឡាញ់គ្នា​​រយៈពេល​​​​២ឆ្នាំ​មក​ហើយ ​ទើប​ដឹង​ថា​ បុរសរូបនោះមានទាំង​ប្រពន្ធ​​និង​កូនរួចទៅ​​ហើយ ដោយ​​បោកប្រាស់ទំនុកចិត្ត​បានទាំង​ខ្លួន​ប្រាណ ហើយ​ខ្ចីលុយ​មិនព្រមសង​ទៀត​ ទើប​ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍​ដោះស្រាយជូន​នាង​ផង​។

​ហេតុការណ៍​​ខាងលើ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើងកាលពីវេលាម៉ោង​​​៥និង​​​៤០នាទី​ព្រឹក​ថ្ងៃទី​​២ កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ច្រមុះស្ទឹងមានជ័យ តាមបណ្តោយ​ផ្លូវ​​២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។​

ស្ត្រី​ម្នាក់​ដែលស្រែកយំ​ដើម្បី​ឱ្យសមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​អន្តរាគមន៍ខាងលើ​នោះឈ្មោះ​លៀង រ៉ានី អាយុ​​៣២​ឆ្នាំ រស់នៅក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ​ចំណែក​​​ភាគី​​​ខាង​ប្រុស​ឈ្មោះ​វឿន វី អាយុ​​​៣៧​ឆ្នាំ ជាអ្នករត់តាក់ស៊ីពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញទៅត្បូងឃ្មុំ មាន​ស្រុកកំណើត​នៅ​ខេត្តត្បូងឃ្មុំ ។

តាម​ប្រភពពី​ស្ត្រី​​​ខាងលើបាន​រៀបរាប់​ឱ្យ​ដឹងថា ពួកគាត់​​បានស្រឡាញ់គ្នា​​រយៈពេល​​២ឆ្នាំ​កន្លងមក​ហើយ​ ដោយស្គាល់គ្នា​តាំងពីដំបូងឡើយគឺតាមរយៈការ​ជិះតាក់ស៊ី ​ដែល​កាលពី២ឆ្នាំមុន គាត់បានចប់អាណត្តិ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយក៏បានធ្វើដំណើរ​ពីប្រទេសកូរ៉េ​ត្រឡប់មក​កម្ពុជាវិញ លុះមកដល់កម្ពុជាគាត់ក៏បានជិះ​រថយន្ត​​តាក់​ស៊ី​របស់បុរស​ខាងលើ​ដើម្បីទៅស្រុកកំណើត ហើយ​ការធ្វើដំណើរ​​តាមផ្លូវនោះ​​ក៏មានការ​និយាយសារសង​​គ្នា​​ ​ពី​រាជធានីភ្នំពេញរហូត​ដល់​ស្រុកកំណើត​ឯខេត្តត្បូងឃ្មុំ​ ​បន្ទាប់មក​គាត់​ក៏​បាក់ចិត្ត​លង់នឹងការនិយាយលួងលោមរបស់​បុរសជាអ្នក​​រត់តាក់ស៊ី​​ខាងលើ ហើយ​ក៏មានទំនាក់ទំនងស្នេហាជាមួយគ្នារហូតរយៈពេល​​​២ឆ្នាំ ដោយ​មិនបានរៀបការជាមួយគ្នានោះ​ទេ ។

​ស្ត្រី​ខាងលើបានបន្ត​ថា បុរស​ជាអ្នក​រត់តាក់ស៊ី​​​ខាងលើបាន​និយាយលួងលោម និង​អូសទាញគាត់​ថា «មិនបាច់ធ្វើការនៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំតែឆ្ងាយអី ធ្វើការនៅស្រុកខ្មែរទៅ បងជាអ្នករត់តាក់ស៊ីប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹមអូន​អែងមិនរស់» ។ ដោយសារ​តែ​ការនិយាយលួងលោមបែបនេះហើយ ទើប​ធ្វើ​ឱ្យគាត់បាក់ទឹកចិត្ត​ស្រឡាញ់ ក៏យល់ព្រម ដោយ​មិនបាន​បន្ត​អាណត្តិ​ទៅធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើ​ការនៅភ្នំពេញ​ នៅផ្ទះបងប្អូន​ ដោយជួលផ្ទះនៅម្តុំបុរីសូនី​រួមរស់ជាមួយគ្នា​ដូចប្តីប្រពន្ធ ។

ស្ត្រី​​ខាងលើបានបន្ត​ថា រហូតមកដល់មួយរយៈចុងក្រោយនេះ គាត់ក៏​មានផ្ទៃពោះ​ ជាហេតុធ្វើឱ្យឪពុកម្តាយ​និង​បងប្អូន​របស់​គាត់​មាន​ការងឿងឆ្ងល់​ថា មិនដែលឃើញ​បុរសខាងលើរត់តាក់ស៊ីពីភ្នំពេញទៅស្រុក​ហើយ បែរ​ជា​មិនដែលឃើញ​ចូលស្រុកសោះ ហើយ​រថយន្ត​ក៏មិនដែលចូល​បេនទៀត ។ យូរៗក៏អើតមើល​​រូបគាត់​​នៅ​ផ្ទះជួលម្តង ហើយ​បុរសរូបនោះ​​ក៏បានខ្ចី​លុយ​ចំនួន​៥០០ដុល្លារពី​គាត់​ទៀត ​ដោយសារ​តែ​​ការ​ជឿទុកចិត្ត គាត់​ក៏​អោយ​លុយ​ខ្ចីទៀត ។

​ស្ត្រី​ខាងលើ​បានបន្ត​ទៀត​ថា បន្ទាប់ពីមានការ​ងឿងឆ្ងល់​ខាងលើ​រួច​ ឪពុកម្តាយរបស់គាត់​ក៏ចាប់ផ្តើម​​គិត​ថា មនុស្ស​ប្រុសឯ​ណាវ័យ​​​៣៧ឆ្នាំទៅ​ហើយ ​នៅមិនទាន់មានប្រពន្ធនោះ បើធ្លាប់​មានក៏ប្រហែលជា​ពោះម៉ាយដែរ ។ បន្ទាប់មក​ឪពុកម្តាយ និងបងប្អូន​របស់គាត់​ក៏នាំគ្នា​​ស៊ើបប្រវត្តិរបស់​បុរសខាងលើរហូត​ដឹង​ថា​ បុរស​ខាងលើមាន​ប្រពន្ធនិងកូនរួចទៅហើយ​ ទើបបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ឈ្លោះទាស់ទែងគ្នា​ ព្រោះតែការ​បោកប្រាស់ទំនុកចិត្តអស់រយៈពេល​២ឆ្នាំមកហើយ ដោយបុរស​ខាងលើបាន​​​លាក់បាំង​ថាអត់មានប្រពន្ធនិងកូនទេ បន្ទាប់ពីស៊ើប​​ដឹង​ប្រវត្តិរបស់​​បុរស​​ខាងលើរួច​​​ ហើយម្យ៉ាងទៀត​​អង្ករក្លាយទៅជា​បាយទៅហើយនោះ​ ​រូបគាត់​​ក៏សម្រេចទៅជួបពេទ្យ​ដើម្បី​យកកូនចេញ ។

ស្ត្រី​​​ខាងលើបានបន្តទៀតថា ​ក្រោយពី​​ពួកគាត់​ផ្ទុះ​ជម្លោះឈ្លោះទាស់ទែងគ្នារួចមក ​ខាង​ប្រុសលែងនៅផ្ទះជួល​ម្តុំបុរីសូនីទៀតហើយ នៅតែ​បន្តរត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្តែ​មិនដឹង​គោល​ដៅ​នៅកន្លែង​ណា ទើបធ្វើ​ឱ្យ​​គាត់ខឹងសម្បារឿងបោកប្រាក់ទំនុកចិត្ត​ ហើយ​លុយ​ក៏មិនព្រមសងទៀត គាត់​ក៏​ចាប់ផ្តើមតាមរក​​​ខាងប្រុស រហូតដល់​វេលាព្រឹកថ្ងៃ​កើតហេតុ ក៏ប្រទះឃើញ​​​ខាងប្រុស​នៅ​ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ទើបយំស្រែកឆោឡោ​ដើម្បី​ឱ្យសមត្ថកិច្ច​ជួយអន្តរាគមន៍តែម្តង​។

ស្ត្រី​​ខាងលើ​​បាន​បន្តទៀត​ថា​ នៅពេលដែលសមត្ថកិច្ច​មូលដ្ឋាន​ចុះមកដល់​កន្លែងកើតហេតុ​សួរនាំដឹងរឿងហេតុ​រួចហើយ និង​ដើម្បី​ចៀសវាងការផ្ទុះហិង្សា ក៏ណែនាំ​ឱ្យ​​ពួកគាត់​ទាំង​​​២​នាក់​ធ្វើការ​ដោះស្រាយ​សម្របសម្រួលគ្នា ​​ដោយ​គាត់​មិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយ​នោះទេ គឺគ្រាន់តែ​ចង់​ឱ្យ​​​​ខាងប្រុសសងលុយ​ដែល​បាន​​ខ្ចី​​ចំនួន​​​​៥០០ដុល្លារ​នោះ​មកវិញ និងសងជំងឺចិត្ត​ចំនួន​​​​​៥០០ដុល្លារទៀត​ប៉ុណ្ណោះ​ សរុបគឺ១ពាន់ដុល្លារ​ ។ ចំណែក​ខាង​ប្រុស​ក៏យល់ព្រមសងលុយ​សរុប​ចំនួន​​​១ពាន់​ដុល្លារនោះដែរ​ ប៉ុន្តែ​បច្ចុប្បន្ន​​​គ្មាន​លុយ​ក្នុងខ្លួននោះទេ គឺ​​មានតែ​ទៅ​ខ្ចីគេសិន ។

​ក្រោយពេលកើតហេតុ ទាំង​ខាងប្រុស និង​ខាងស្រី ត្រូវបាន​សមត្ថកិច្ច​ស្ទឹងមានជ័យទី២ បញ្ជូនទៅ​កាន់​ប៉ុស្តិ៍ស្ទឹងមានជ័យទី​៣ ដោយសមត្ថកិច្ចបាន​បញ្ជាក់​ថា ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​ក្នុង​សង្កាត់ស្ទឹងមានជ័យទី២ក៏​ពិតមែន ប៉ុន្តែ​​ខាងប្រុស​បាន​ខ្ចីលុយពី​​ខាងស្រីនៅក្នុងសង្កាត់ស្ទឹងមានជ័យ​ទី​៣ ដូច្នេះត្រូវ​​បញ្ជូនករណីនេះ​ទៅធ្វើការ​ដោះស្រាយនៅ​សង្កាត់ស្ទឹងមានជ័យ​ទី​៣វិញ ។​

ដោយឡែក​ភាគី​ខាងប្រុសបាន​បញ្ជាក់​ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្ត​​​របស់គាត់ទៅលក់ ឬ​បញ្ចាំ​ ដើម្បី​យកលុយ​១ពាន់ដុល្លារ​ទៅសងភាគីខាង​ស្រី​ដើម្បីបញ្ចប់រឿង កុំឱ្យមានរឿងវែងឆ្ងាយ ៕

0 Reviews:

Post a Comment