Saturday, February 6, 2021

អភិបាលខេត្តតាកែវ ចុះពិនិត្យការឆ្លងកាត់ខែ្សបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ដើម្បីការពារជំងឺកូវីដ១៩ និងឃ្លាំមើលក្រែងមានការបោះតង់របស់វៀតណាមនៅតាមព្រំដែន....


(តាកែវ)៖
 នៅក្នុងឱកាសចុះត្រួតពិនិត្យតាមព្រំដែនរវាងខេត្តតាកែវ និងប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានជំរុញដល់វរការពារព្រំដែន និងអភិបាលស្រុកដែល ជាប់ព្រំដែន ត្រូវពង្រឹងការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីធ្វើយ៉ាងណាការពារការឆ្លងការរីករាលដាលនៃជំងឺកូវីដ១៩ កុំឲ្យចូលមកក្នុងខេត្តរបស់យើង។

លោក អ៊ូច ភា បានបញ្ជាក់ទៀតថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ បុណ្យចូលឆ្នាំចិន-វៀតណាម នឹងមកដល់ ដូច្នេះភ្ញៀវទេសចរណ៍ជាច្រើនឆ្លងកាត់បន្ទាត់ព្រំដែន ដែលនេះបញ្ហាដែលខាងវរការពារព្រំដែន រួមនិងអាជ្ញាធរស្រុក ជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទាំងខ្មែរ និងភ្ញៀវទេសចរណ៍បរទេស ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវវាស់កម្ដៅ លាងសំអាតដៃជាមួយអាល់កុល ទាំងចេញ និងចូល ព្រមទាំងត្រូវបាញ់ថ្នាំលើរថយន្តដើម្បីសម្លាប់មេរោគ ហើយបើសិនខាងមន្រ្តីជំនាញមន្ទីសុខាភិបាលខេត្ត ពិនិត្យឃើញមានភ្ញៀវទេសចរណ៍ណាម្នាក់ មានអាការៈខុសប្រក្រតីត្រូវ បញ្ជូនគាត់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កផងដែរ។

លោកអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរស្រុកជាប់ព្រំដែនទាំង៣ ត្រូវបន្តចុះត្រួតពិនិត្យមើលការបោះតង់របស់ជនជាតិវៀតណាម នៅតាមបណ្ដោយព្រំដែន ក្រោមរូបភាពការពារការរីករាលនៃជំងឺកូវីដ១៩ ដើម្បីធានាឲ្យបានកិច្ចសហ ប្រតិបត្តិការព្រំដែន រវាងភាគីប្រទេសកម្ពុជា និងប្រទេសវៀតណាម។

មុនចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតាមព្រំដែន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ូច ភា បានដឹកនាំកិច្ចប្រជុំរៀបចំផែនការដាក់ពង្រាយកម្លាំងតាមបន្ទាត់ តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក អ៊ូច ភា បានដាក់បទបញ្ជាទៅសមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

គួរជម្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជា ម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ឲ្យទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភខ្លាចមានការឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាសប្តាហ៍ក្រោយនេះ។ សម្តេចតេជោ បានបញ្ជា ឲ្យអាជ្ញាធរពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។ តែទោះជាយ៉ាងណាសម្រាប់ការដឹកទំនិញចេញចូលប្រទេសទាំងពីរនៅមានការសម្របសម្រួល ដូចការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០២០ ដោយមិនធ្វើ ឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងដឹកទំនិញឆ្លងដែននោះទេ៕

0 Reviews:

Post a Comment