Saturday, February 6, 2021

រថយន្ដសាំយ៉ុងដឹកឈើ បុកជាមួយរថយន្ដដឹកទំនិញធុនធំ បណ្ដាលឲ្យ មនុស្ស៣នាក់ស្លាប់.....


(ក្រចេះ)៖
 យ៉ាងហោចណាស់ មនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដសាំយ៉ុងដឹកឈើ បុកជាមួយរថយន្ដដឹកទំនិញធុនធំ ក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

របាយការណ៍សមត្ថកិច្ចបានបង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីទិសខាងត្បូង ទៅទិសខាងជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានមកបុករថយន្តម៉ាកហ៉ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3033 ពេញទំហឹង។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបររថយន្ដបង្ក និងអ្នករួមដំណើរ២នាក់ស្លាប់ភ្លាមៗ។ ជនរងគ្រោះទី១៖ឈ្មោះ កង រតនា អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ (អ្នកបើកបរ), ទី២៖ឈ្មោះ សុខ ថាល់ អាយុ២៨ឆ្នាំ (អ្នករួមដំណើរ) និងទី៣៖ឈ្មោះ សោម ផល្លា អាយុ១៨ឆ្នាំ (អ្នករួមដំណើរ)។ ដោយឡែក អ្នកបើករថយន្ដដឹកទំនិញ ឈ្មោះ ជា សុជាតិ អាយុ២៥ឆ្នាំ រត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្តខូចខាតធ្ងន់ធ្ងរទាំង០២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀងបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី៕

0 Reviews:

Post a Comment