Monday, March 22, 2021

ក្រសួងធម្មការ និងសាសនា ស្នើអោយតុលាការ ខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ លើបទល្មើសចំនួន៣

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា ស្នើអោយតុលាការ ខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែង ថានឹងសម្លាប់ តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។


នៅក្នុងលិខិត របស់ក្រសួងធម្មការ និងសាសនា បានអោយដឹងថា ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់(Live)លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថ មកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញងឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួស ដោយបាន និយាយ ថា ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត” ដែលជាចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅអធិការវត្តបូណ៍នូវពាក្យមិនពិតដោយពោល ថា លោកជាជន រងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាលីដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែល ជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។


ក្នុងនាមក្រសួងធម្មការ និងសាសនា សូមថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះ សកម្មភាពដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឱ្យឯកឧត្តមព្រះរាជអាជ្ញា ចាត់វិធានការចំពោះបុគ្គល រូបនេះ តាមច្បាប់ជាធរមាន៕



0 Reviews:

Post a Comment